31 C
Phnom Penh

ប្រធានាធិបតី​វៀតណាម​បាន​ដល់​កម្ពុជា​តាម​ការ​គ្រោងទុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​វៀតណាម​និង​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយ​នីស្ដ​វៀតណាម​លោក​ងៀង ភូទ្រង់​(Nguyen Phu Trong)​បាន​មក​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ក​ម្ពុជា​ចាប់ពី​ថ្ងៃ​ច័ន្ទ​រហូត​ដល់​ថ្ងៃ​អង្គារ​ស្អែក​នេះ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ​លោក​ងៀង ភូទ្រង់​នឹង​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ និង​សម្ដេច​ម៉ែន​រោត្តម​ មុនីនាថ​ សីហនុ ​នៅ​ព្រះ​បរម​រាជវាំង។​

ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា ​ប្រធានាធិបតី​វៀតណាម​រូប​នេះ ​នឹង​ជួប​ជាមួយ​សម្ដេច​សង្ឃ ​ទេព វង្ស ​និង​សម្ដេច​សង្ឃ​បួរ គ្រី​ហើយ​បន្ទាប់​មក​លោក​ក៏​នឹង​ជួប​ជាមួយ​លោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា ​លោក​ហេង សំរិន​ប្រធាន​រដ្ឋ​សភា ​និង​លោក​ហ៊ុន សែន។​​

ដំណើរ​ទស្សន​កិច្ច​ធំៗ​របស់​ថ្នាក់​ដឹកនាំ​វៀតណាម​មក​កម្ពុជា​ និង​ ថ្នាក់​ដឹក​នាំ​​កម្ពុជា​ទៅ​កាន់​វៀតណាម​ធ្វើឡើង​ប្រមាណ​ជិត​១០​លើក​រួច​មក​ហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក។​

ការ​បំពេញ​ទស្សន​កិច្ច​ជា​ញឹកញាប់​របស់​ថា្នក់​ដឹកនាំ​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​ដូច្នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​កម្ពុជា​បាន​បង្ហាញ​ជំហរ​កាន់តែ​ច្បាស់​អំពី​ទំនោរ​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​កាន់តែ​ខ្លាំង​ និង​ក្រោយ​ពេល​ដែល​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​Mike Pence​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់​មូលដ្ឋាន​ទ័ព​បរទេស ​ពិសេស​មូល​ដ្ឋាន​ទ័ព​ចិន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈ​ការ​កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​ធំ​លើ​ទំហំ​ដី​វិនិយោគ​ជាង​៤ ម៉ឺន​ហិកតា​របស់​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ ​Union Development Group​ក្នុង​ខេត្ត​កោះកុង។​​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​សមភាគី​វៀតណាម​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឡើយ​ ហើយ​ថា ​កម្ពុជា​នៅតែ​​កាន់​ជំហរ​អព្យាក្រឹត្យ​ដដែល៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស