ក្រុមហ៊ុនទូរស័ព្ទយួនដែលផ្តល់សេវាក្នុងស្រុកខ្មែរបានផលចំណេញជាច្រើនពាន់លានដុល្លារចាប់តាំងពីផ្តើមធ្វើអាជីវកម្មរយៈពេល១០ឆ្នាំកន្លងមកនេះ។
ប្រភពព័ត៌មានវៀតណាម ឲ្យដឹងពីក្រុងហាណូយនៅថ្ងៃទី២១កុម្ភៈកន្លងទៅនេះថា ផលចំណេញពីសេវាទូរស័ព្ទនៅស្រុកខ្មែរពីឆ្នាំ២០០៩ក្រុមហ៊ុនMetfone ដែលជាសាខានៃក្រុមហ៊ុនធំឈ្មោះវៀតតែលមានទឹកប្រាក់២ពាន់២រយលានដុល្លារដណ្តើមទីផ្សារបាន៤៨% បង់ពន្ធឲ្យរដ្ឋាភិបាលខ្មែរ៥រយលានដុល្លារ។ ក្រុមហ៊ុន Metfone និងវៀតតែលរកចំណេញបានលើសដើមទុនដល់ទៅ៦ដង។
តាមការអះអាងពីប្រធានស្តីទីក្រុមហ៊ុនវៀតតែល លោកឡេ ដាងយុង ក្រុមហ៊ុនMetfoneជាក្រុមហ៊ុនយួនទី១ដែលចូលទីផ្សារក្នុងប្រទេសនៅកម្ពុជា។ ក្នុងពិធីអបអរសាទរការរកស៊ីបានផលចំណេញនេះ លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិពោលថា លោកសង្ឃឹមថា ក្រុមហ៊ុនMetfone នឹងនៅតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងកម្ពុជា។
ក្រុមហ៊ុនទូរស័ព្ទMetfoneជាក្រុមហ៊ុនយោធាយួន ផ្តល់សេវាមានតម្លៃថោកជាងក្រុមហ៊ុនដទៃមកពីមានរដ្ឋឧបត្ថម្ភទុនសម្រាប់ខាត។ ដោយសារមិត្តភាពខ្មែរ-យួនក្រុមហ៊ុនMetfoneទទួលបានកិច្ចសន្យាពីកងយោធពលខេមរភូមិន្ទទាំងស្រុងរួមទាំងប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានលទ្ធភាពទិញសេវាក្រុមហ៊ុនទូរស័ព្ទផ្សេង។ ក្នុងទសវត្ស២០០០ក្រុមហ៊ុនវៀតតែលទិញឧបករណ៍បច្ចេកវិជ្ជាពីប្រទេសអង់គ្លេសសម្រាប់ប្រើតាមបណ្តាញស្ថានីយ៍ទូរស័ព្ទចល័តដើម្បីចាប់ឬថតសម្លេងយកការណ៍សម្ងាត់ពីក្រុមប្រឆាំងនៅបរទេសដែលហៅមកក្នុងស្រុកខ្មែរ៕