31 C
Phnom Penh

អាល្លឺម៉ង់​ប្រាប់​ឱ្យ​កម្ពុជា​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដើម្បី​រក្សា​EBA​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​បាន​ព្រមាន​របប​លោក​ហ៊ុន សែន​ឱ្យ​ខិត​ខំ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​លំហ​នយោបាយ​នៅ​កម្ពុជា​ឡើយ​វិញ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​EBA​របស់​ខ្លួន​ស្រប​ពេល​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​អនុវត្ត​នីតិវិធី​ឈាន​ទៅ​រក​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។​

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កម្ពុជា​ របស់​លោក​Nobert BARTHLE​មន្ត្រី​សហព័ន្ធ​អាល្លឺម៉ង់​និង​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សហ​ប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​អាល្លឺម៉ង់​ដែល​បាន​ជួប​ជាមួយ​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ម្សិលមិញ។​

ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​នេះ ​ឲ្យ​ដឹង​ថា​  ក្រោយ​ជំនួប​ជាមួយ​លោក​ហ៊ុន សែន​ កាល​ពី​ម្សិលមិញ​លោក​ Nobert BARTHLE​បាន​ជំរុញ​ឲ្យ​របប​លោក​ហ៊ុន សែន​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប។​

ស្ថានទូត​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា ​លោក​Nobert BARTHLE​បាន​ប្រាប់​លោក​ហ៊ុន សែន​ថា​  កម្ពុជា​នៅតែ​អាច​ទប់​ស្កាត់​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​បាន​ដោយ​គ្រាន់តែ​បើក​លំហ​សេរីភាព​និង​ការ​បើក​លំហ​ផ្នែក​នយោបាយ​គឺ​អ្វី​ដែល​សំខាន់​បំផុត។​ យើង​ត្រូវ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​និង​រក​ដំណោះ​ស្រាយ​មួយ​ជាមួយ​គ្នា។​ 

កាលពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ដំណើរ​ការ​នីតិវិធី​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ពី​កម្ពុជា ​បន្ទាប់​ពី​អឺរ៉ុប​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​នីតិ​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ​នេះ។​

យ៉ាង​ណាក៏​ដោយ ​លោក​ហ៊ុន សែន​តែ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ របប​របស់​លោក​នឹង​មិន​អោន​ក្បាល​ដើម្បី​យក​អធិបតេយ្យ​ភាព​របស់​ជាតិ​ទៅ​ដោះ​ដូរ​នឹង​ជំនួយ​របស់​បរទេស​ជា​ដាច់​ខាត។​ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​សេដ្ឋ​កិច្ច​ព្រមាន​ថា​ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​មែន ​នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ពល​រដ្ឋ​រាប់​សែន​នាក់​គ្មាន​ការងារ​ធ្វើ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស