38 C
Phnom Penh

មេ​ដឹកនាំ​កម្ពុជា​ប្រាប់​មេ​ដឹកនាំ​កុម្មុយនីស្ត​វៀតណាម​ថា​ ការ​អភិវឌ្ឍ​កម្ពុជា​រហូត​ដល់​ពេល​បច្ចុប្បន្ន​មិន​អាច​ផ្តាច់​វៀតណាម​បាន​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​បាន​ប្រាប់​មេ​ដឹកនាំកុ​ម្មុយនីស្ត​វៀតណាម​លោក​ង្វៀង ហ៊្វូទ្រុង​(Nguyen Phu Trong)​និង​ជា​ប្រមុខ​រដ្ឋ​វៀតណាម​ថា​ កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​កងទ័ព​ ប្រជាជន​និង​រដ្ឋាភិបាល​វៀតណាម​បាន​ឡើយ។ ​មិន​តែ​ប៉ុណ្ណោះ​លោក​ហ៊ុន សែន​ក៏​បាន​ឯកភាព​ផង​ដែរ​ថា​ នឹង​ឈរ​លើ​មូលដ្ឋាន​លើ​ទំនាក់​ទំនង​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កន្លង​មក​ ដោយ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ផ្លូវ​រដ្ឋ​រវាង​លោក​ហ៊ុន សែន​ជាមួយ​លោក​ង្វៀង ហ៊្វូទ្រុង​នៅ​វិមាន​សន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

ចំណែក​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​នៅ​ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា  ភាគី​មេ​ដឹកនាំ​វៀតណាម​ក៏​មិន​ភ្លេច​ឡើយ​ក្នុង​ការ​អួត​សរសើរ​ពីស្នា​ដៃ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​ដែល​ថា​ កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ខ្លាំង​និង​ទទួល​បាន​ជោគ​ជ័យ​លើ​វិស័យ​ជា​ច្រើន​រួមមាន​ការ​អភិវឌ្ឍ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំណង់​ សេដ្ឋ​កិច្ច​មាន​កំណើន​ដល់​ទៅ​ជាង​៧%​ ហើយ​ស្ថានភាព​នៅ​កម្ពុជា​គឺ​មាន​ស្ថិរភាព​ពិសេស​កម្ពុជា​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ ​ជាមួយ​បណ្តា​ប្រទេស​នានា​ជា​លំដាប់​ផង​ដែរ។​

ការ​អួត​សរសើរ​នេះ​ហាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​បណ្តា​ប្រទេស​លោក​សេរី​ផ្សេង​ទៀត​ ដូច​ជា​សហ​ភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ ដែល​តែង​ចាត់​ទុក​ថា​ ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ ​ដោយ​សារ​របប​លោក​ហ៊ុន សែន​បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជា​ធិបតេយ្យ​និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ថែម​ទៀត។​

មិន​តែ​ប៉ុណ្ណោះ​ទំនាក់​ទំនង​ការ​ទូត​នៅ​លើ​ឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​សង្កេត​ឃើញ​ថា​ កម្ពុជា​កំពុង​បោះ​ពួយ​យ៉ាង​លឿន​ទៅ​រក​របប​កុម្មុយនីស្ត​ចិន​ផ្តាច់​ខ្លួន​ជា​បណ្តើរៗ​ចេញ​ពី​ប្រទេស​លោក​សេរី​ ហើយ​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​ឯកា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។​

បណ្តា​ប្រទេស​លោក​សេរី​តែង​ព្រមាន​ថា​  ប្រសិន​បើ​របប​នេះ​មិន​ព្រម​ស្តារ​ស្ថាន​ការណ៍​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​ ទេ​ នោះ​កម្ពុជា​នឹង​ប្រឈម​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទាំង​នៅ​អឺរ៉ុប​និង​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស