27 C
Phnom Penh

លោក​ហ៊ុន សែន​ព្រមាន​កម្ចេច​ក្រុម​ប្រឆាំង​ណា​ដែល​ធ្វើ​សកម្ម​ភាព​នយោបាយ​មុន​ទទួល​បាន​សិទ្ធិធ្វើ​នយោបាយ​ពី​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ហ៊ុន សែន​ព្រមាន​ចាប់​ខ្លួន​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ជាប់​បម្រាម​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​មូលដ្ឋាន​ដោយ​មិន​ត្រូវ​ទុក​ឱ្យ​រួច​ខ្លួន​ឡើយ​ ខណៈ​ពួកគេ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នោះ។​

ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​ពោធិ៍​សាត់​កាលពី​ព្រឹកមិញ​នេះ ​លោក​ហ៊ុន សែន ​បាន​បញ្ជា​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ទាំងអស់​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ព្យាយាម​ប្រមូល​កម្លាំង​ទទួល​លោក​សម រង្ស៊ី​ដោយ​ថា​ ជា​សកម្ម​ភាព​បង្ក​ភាព​វឹកវរ​ដល់​សង្គម។​

លើសពី​នេះ ​លោក​ក៏​បញ្ជា​ឱ្យ​ក្រុម​ប្រឆាំង​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក​បញ្ឈប់​សកម្ម​ភាព​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ដែល​បង្កើត​ឡើង​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ត្រៀម​ប្រមូល​កម្លាំង​ទទួល​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ី។  ​

លោក​ហ៊ុន សែន​ព្រមាន​កម្ចេច​កម្លាំង​គណៈ​កម្មការ​ចំពោះ​កិច្ច​នេះ ​ ប្រសិន​បើ​នៅតែ​បន្ត​សកម្ម​ភាព​កៀរ​គរ​កម្លាំង​នៅ​តាម​មូលដ្ឋាន​ទៀត​ដោយ​ថ្លែង​ថា​ លោក​មិន​ខ្លាច​ចំពោះ​វត្តមាន​មន្ត្រី​សហ​ភាព​អឺរ៉ុប​ដែល​កំពុង​មក​ពិនិត្យ​មើល​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ការ​ប្រមូល​ភ័ស្តុតាង​បន្ថែម​សម្រាប់​យក​ទៅ​ពិចារណា​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ឡើយ។​

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​ដើម​ឆ្នាំ​២០១៩​ដែល​លោក​ហ៊ុន សែន​ព្រមាន​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា។​ ក្រៅពី​វិធី​សាស្ត្រ​គំរាម​កំហែង​ចំពោះ​មន្ត្រី​ប្រឆាំង​ដែល​មិន​ព្រម​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នោះ ​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ ​ពេល​ខ្លះ​ក៏​បាន​ប្រើ​វិធី​លួងលោម​និង​វិធី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​នៃ​គណបក្ស​នេះ​ផង​ដែរ។​

ចំណែក​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ លោក​សម រង្ស៊ី​នៅ​ថ្ងៃ​នេះ​ក៏បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​សូម​កុំ​ជឿ​ការ​ឃោសនា​អកុសល​របស់​លោក​ហ៊ុន សែន ​និង​បរិវា​ ​ដែល​ភូតភរ​ថា ​លោក​កឹម សុខា​មាន​បំណង​ចង់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

លោក​អះអាង​ថា ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​តែ​ស្មោះ​ត្រង់​ជាមួយ​ប្រជា​រាស្ត្រ​និង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​និច្ច ​ពី​ព្រោះ​លោក​យល់​ថា ​លោក​ហ៊ុន សែន​កំពុង​តែ​ភ័យ​ស្លន់ស្លោ ​ហើយ​ចង់​គេច​ផុត​ពី​សម្ពាធ​អន្តរជាតិ​ដែល​បង្ខំ​ឲ្យ​គាត់​ដោះលែង​លោក​កឹម សុខា​និង​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ​បន្ថែម​ថា ​ដោយ​សារ​តែ​លោក​ហ៊ុន សែន​កំពុង​តែភ័យ​ស្លន់​ស្លោ​នេះ​ហើយ​ បាន​ជា​គាត់​ដើរ​ភូត​កុហក​គេឯង​ថា​ លោក​កឹម សុខា​ចង់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​គាត់​ ហើយ​លោក​ហ៊ុន សែន​ក៏​មាន​លេស​ដើម្បី​ទៅ​បញ្ចុះ​បញ្ចូល​អន្តរជាតិ​ថា​ មិន​ចាំ​បាច់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ទេ​ ពីព្រោះ​លោក​កឹម សុខា​ចង់​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ដែល​នេះ​គ្រាន់តែ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ប៉ុណ្ណោះ។​

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​១១៨​រូប​ដែល​ជាប់​បម្រាម​គឺ​មាន​តែ​មន្ត្រី​ចំនួន​៩​រូប​ប៉ុណ្ណោះ​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ហ៊ុន សែន​ និង​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស