ភរិយានិងក្រុមអ្នកគាំទ្ររបស់លោករ៉ាត់ រត្នមុនី ក្រៅពីនៅតែទទូចឱ្យស្ថានទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជាអន្តរាគមន៍ដោះលែងប្រធានសហជីពរូបនេះហើយ ពួកគេក៏បានធ្វើយុទ្ធនាការចែកខិតប័ណ្ណដែលមានទម្រង់ជាញ្ញតិ្ត ស្នើឱ្យដោះលែងលោករ៉ាត់ រត្នមុនីដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។
គណនេយ្យហ្វេសប៊ុករបស់អ្នកស្រីឡុង គីមហ៊ាងនៅថ្ងៃនេះបានបង្ហាញពីសកម្មភាពស្រែកតវ៉ា និងចែកខិតបណ្ណជូនពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវមុខស្ថានទូតរុស្ស៊ី ដោយធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលប្រទេសសង្គមនិយមួយនេះអន្តរាគមន៍ជួយប្តីរបស់ខ្លួន។
ក្រៅពីចែកខិតបណ្ណ និងស្រែកទាមទារឱ្យរុស្ស៊ីជួយប្តីខ្លួន អ្នកស្រី ឡុង គឹម ហ៊ាងក៏បានបង្ហោះលិខិតអន្តរាគមន៍ដាក់ទៅស្ថានទូតមួយនេះជាថ្មីទៀត ដោយអះអាងថា ប្តីរបស់ខ្លួនគ្មានកំហុសឡើយ និងជារឿងអយុត្តិធម៌សម្រាប់គ្រួសាររបស់គាត់ផងដែរ។
នេះជាលើកទី១០ហើយដែលក្រុមគ្រួសារនិងអ្នកគាំទ្រនាំគ្នាតវ៉ានិងទាមទារឱ្យស្ថានទូតរុស្ស៊ីធ្វើអន្តរាគមន៍ដោះលែងលោករ៉ាត់ រត្នមុនីឱ្យមានសេរីភាពឡើងវិញ។
មេដឹកនាំសហព័ន្ធសហជីពសំណង់កម្ពុជា លោករ៉ាត់ រត្នមុនីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំមុន ពាក់ព័ន្ធនឹងការចូលរួមផលិតភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ»របស់បណ្តាញទូរទស្សន៍រុស្ស៊ីRussia Todayដែលនិយាយអំពីខ្សែជីវិតពិតរបស់ស្ត្រីនិងម្តាយនៅកម្ពុជាមួយចំនួនបានលក់កូនស្រីដើម្បីជីវភាពរស់នៅរបស់ពួកគេ៕