33.3 C
Phnom Penh

លោក​ស ខេង​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​ROCK​ឱ្យ​ចេញ​មក​បង្ហាញ​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​នៅ​ថ្ងៃ​នេះ ​បាន​ប្រាប់​ឱ្យ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​ឱ្យ​ប្រញាប់​ចេញ​មក​បង្ហាញ​ខ្លួន​ដោយ​ថា ​ទោះរត់​ទៅ​ដល់​ទីណាក៏​មិន​រួច​ខ្លួន​ដែរ។​

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៨​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​នេះ ​លោក ​ស ខេង​បាន​បញ្ជាក់​ថា​ មន្ត្រី​នគរ​បាល​ម្នាក់​ត្រូវ​រក​ឃើញ​ថា​ ជាប់​ពាក់ព័ន្ធ​និង​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​​ROCK​ហើយ​តុលាការ​ក៏បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មន្ត្រី​រូប​នោះ​ថែម​ទៀត។​

លោក​ស ខេង​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​មន្ត្រី​រូប​នោះ​ឡើយ​ដោយ​ទុក​ឱ្យ​សមត្ថ​កិច្ច​និង​តុលាការ​ធ្វើ​ការងារ​នេះ​ប៉ុ​ន្តែ​លោក​​ ថា​ បើ​ចូល​ខ្លួន​នឹង​អាច​មាន​ការ​បន្ថូរ​បន្ថយ​ទោស​ខ្លះ​ពី​តុលាការ។​

ក្នុង​ពិធី​សន្និបាត​នេះ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​រំលឹក​​ជា​ថ្មី​ទៀត​មិន​ឱ្យ​មន្ត្រី​នគរបាល​ណានៅ​ពី​ក្រោយ​ខ្នង​ឬ​ពាក់​ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​ឡើយ​ដោយ​ថា​ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ការ​បង្ក្រាប​គ្រឿង​ញៀនជួប​បញ្ហា​លំបាក។​

លោក​​ស ខេង​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ទាំងឡាយ​ត្រូវ​ចាត់​វិធាន​ការ​ទៅ​លើ​ការ​ចរាចរ​និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​នៅ​តាម​មណ្ឌល​កម្សាន្ត​នានា​ពិសេស​ទប់​ស្កាត់​ការ​រីករាល​ដាល​សារ​ធាតុ​ញៀន​ទៅ​ដល់​​ជន​បទ​ដាច់​ស្រយាល​​ព្រម​ទាំង​​ទប់​ស្កាត់​ឱ្យ​ខាង​តែ​បាន​មិន​ឱ្យ​មាន​គ្រឿង​ញៀន​រាល​ដាល​ចូល​ទៅ​ដល់​តំបន់​តាម​សាលារៀន​នោះ​ឡើយ។​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់​នេះ​ដែរ ​កាលពី​ថ្ងៃ​ទី​១២​​មីនា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​គិត ធាង​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​PJ។​  លោក​​ជា​បង​ប្រុស​បង្កើត​របស់​ឧកញ៉ា​គិត ម៉េង​ដែល​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ។​

លោក​គិត ធាង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចាត់​ចែង​សម្រួល​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ជាតិ​ញៀន​និងបទ​សម​គំនិត ​ដែល​ប្រព្រឹត្ត​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់​​កាល​ពី​ថ្ងៃ​ទី២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩។​

លោក​គិត ធាង​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន ក្រោយ​ពេល​លោក​ហ៊ុន សែន​ប្រកាស​ឱ្យ​សមត្ថ​កិច្ច​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស​គ្រឿង​ញៀន​ជាង​៥០​គីឡូ​​ក្រាម​នៅក្នុង​មណ្ឌល​កម្សាន្ត​រ៉ក់​នេះ​ឱ្យ​ខាង​តែ​បាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស