30 C
Phnom Penh

អ្នក​វិភាគ​ឯករាជ្យ​លោក​គឹម សុខ​ថា​ អ្នក​ដែល​ធ្វើ​ឱ្យក្រុម​គ្រួសារ​របស់​លោក​បែកបាក់​គឺ​ដោយ​សារ​របប​លោក​ហ៊ុន សែន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដែល​កំពុង​រស់​នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំង​ឡង់​(Finland)​លោក​គឹម សុខា​អះអាង​ថា​ មូលហេតុ​ដែល​លោក​មិន​អាច​នៅ​ជុំ​និង​គ្រប់​គ្រង​គ្រួសារ​របស់​លោក​ដូច​សព្វ​ថ្ងៃនេះ​គឺ​ដោយ​សារ​ភាព​អយុត្តិ​ធម៌​និង​ការ​គាប​សង្កត់​មក​លើ​រូប​លោក​ដែល​បង្កើត​ឡើង​ដោយ​លោក​ហ៊ុន សែន​ផ្ទាល់។ ​

គណនី​ហ្វេសប៊ុក​របស់​លោក​គឹម សុខ​សរសេរ​ថា ​ការណ៍​ដែល​លោក​សំរេច​ចិត្ត​បែក​ពីក្រុម​គ្រួសារ​គឺ​ដើម្បី​រក្សា​ជីវិត​រៀងៗ​ខ្លួន​ ក្រោម​ឧបាយ​កល​គំរាម​កំហែង​ពី​បក្ខ​ពួក​របស់​លោក​ហ៊ុន សែន។​

អ្នក​វិភាគ​នយោបាយ​រូប​នេះ​យល់​ថា​ ការ​ឈឺ​ចាប់​របស់​ខ្លួន​ពេល​នេះ​គឺ​ដោយ​សារ​ស្នាដៃ​អសីល​ធម៌​របស់​លោក​ហ៊ុន សែន។​

ការ​លើក​ឡើង​របស់​លោក ​គឹម សុខ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​​ហ៊ុន សែន​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ឱ្យ​និស្សិត​ជាង​១​ពាន់​នៅ​ព្រឹក​នេះ​ដោយ​ប្រាប់​ទៅ​អ្នក​វិភាគ​ដែល​លោក​មិន​បាន​និយាយចំ​ឈ្មោះ​ប៉ុន្តែ​គេ​ដឹង​ថា​ សំដៅ​ទៅ​លើ​លោក​គឹម សុខ​ថា ​​ជា​អ្នក​វិភាគ​នយោបាយ​ដែល​គ្មាន​សមត្ថ​ភាព​សូម្បី​តែ​គ្រប់​គ្រង​គ្រួសារ​តូច​មួយ​ក៏​មិន​កើត​ផង​ដោយ​ត្រូវ​រត់​ចោល​ស្រុក​នាំ​យក​កូន​ស្រី​ទៅ​ជាមួយ​ មិន​ព្រម​ទុក​ឱ្យ​ភរិយា​របស់​ខ្លួន​ចិញ្ចឹម​ឡើយ។​

លោក​ហ៊ុន សែន​ថា​ អ្នក​វិភាគ​នយោបាយ​ធន់​នេះ​បែរ​ជា​មក​ចង់​ឱ្យ​អ្នក​នយោបាយ​រួប​រួម​គ្នា ​ស្រប​ពេល​ខ្លួន​ឯង​បែក​បាក់​គ្នា​ជាមួយ​គ្រួសារ​នោះ។​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១៨​ អ្នក​វិភាគ​នយោបាយ​ដ៏​ឥត​សំចៃ​មាត់​ លោក​គឹម សុខ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ បន្ទាប់​អនុវត្ត​ទោស​រយៈ​ពេល​១៨​ខែ​រួច​រាល់​ក្រោម​ការ​ចោទ​របស់​រដ្ឋាភិបាល​ពី​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ចោ​ទប្រកាន់​គណបក្ស​កាន់​អំណាច​ថា​​ជា​អ្នក​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ​តែ​រក​ឃាត​ក​មិន​ឃើញ។​

ក្រោយ​ចេញ​ពី​ពន្ធនាគារ​មិនដ​ល់​ពីរ​សប្ដាហ៍​ផង​ លោក​ គឹម សុខ​ត្រូវ​បាន​លោក​ ហ៊ុន សែន​ព្រមាន​ថា​នឹង​ចាប់​ដាក់​ពន្ធនាគារ​ម្ដង​ទៀត​ប្រសិន​បើ​អ្នក​វិភាគ​នយោបាយ​រូប​នេះ​មិន​សង​ប្រាក់​ចំនួន​៨០០​លាន​រៀល​ឲ្យទៅ​គណបក្ស​កាន់​អំណាច​ក្នុង​សំណុំ​រឿង​ដដែល។​

នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៨​ ក្រោយ​ការ​គំរាម​របស់​លោក​ ហ៊ុន សែន ​ លោក​គឹម សុខ​ក៏​បាន​នាំ​កូនស្រី​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​ថៃ​មួយ​រយៈ​ហើយ​លោក​ក៏​បាន​ភៀស​ខ្លួន​បន្ត​ទៅ​កាន់​ប្រទេស​ហ្វាំងឡង់​បន្ទាប់​ពី​លោក ​និង​កូនស្រី​ ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទៅ​រស់​នៅ​ទី​នោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស