28 C
Phnom Penh

លោក​ហ៊ុន សែន​បដិសេធ​ថា​ ការ​បែក​បាក់​គណបក្ស​សង្រ្គោះ​ជាតិ​ពុំមែន​ជាស្នាដៃ​របស់​លោក​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​បាន​អះអាង​ថា ​របប​របស់​លោក​មិន​បាន​បំបែប​បំបាក់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។ ​លោក​បន្ត​ថា​ ការ​ចោទ​ប្រកាន់​ថា ​លោក​ជាអ្នក​បំបែក​បំបាក់​បក្ស​ប្រឆាំង​គឺ​ជាការ​បង្អាប់​ខ្លួន​ឯង​ ហើយ​មិន​មែន​ជា​បង្អាប់​ហ៊ុន សែន​នោះ​ទេ។​

ថ្លែង​នៅ​ថ្ងៃ​នេះ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ឱ្យ​និស្សិត​ជាង​១​ពាន់​នាក់​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោ​ហ៊ុន សែន​អះអាង​ថា ​លោក​មិន​មែន​ជា​អ្នក​បំបែក​បំបាក់​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ​ ហើយ​ក៏​មិន​មែន​ជា​ស្នាដៃ​របស់​លោក​ដែរ​ ប៉ុន្តែ​ជា​រឿង​អ​សមត្ថភាព​របស់​មេ​បក្ស​នោះ​ទៅ​វិញ​ទេ។​

លោក​បន្ត​ថា​ គណបក្ស​នយោបាយ​មួយ​ ប្រសិន​បើមេ​បក្ស​មិន​អាច​ទាំង​គ្រប់គ្រង​បាន​ផង ​ដែល​បណ្តាល​ឱ្យ​បក្ស​បែក​បាក់​ទៅ​ជា​ចំ​រៀកៗ​ ដោយ​សារ​មាន​ពួក​ក្នុង​បក្ស​ មាន​ក្រុម​ក្នុង​បក្ស ​ហើយ​មេបក្ស​មិន​អាច​ធ្វើ​ការ​សម្រប​សម្រួល​បាន​ផង​នោះ ​តើមាន​សមត្ថភាព​ឯ​ណា​ទៅ​ដឹក​នាំ​រដ្ឋាភិបាល ​ដឹកនាំ​កម្លាំង​កងទ័ព​ និង​រតតែ​មិន​អាច​ដឹក​នាំ​ប្រទេស​បាន​នោះ​ឡើយ។

ការ​ចំអក​ឡក​ឡឺយ​របស់​លោក​ហ៊ុន សែន​ ពេល​នេះ​ហាក់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ដែល​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​ថា ​លោក​ហ៊ុន សែន​កំពុង​ភ័យ​ស្លន់​ស្លោ ​ដោយ​ចង់​គេច​ផុត​ពី​សម្ពាធ​អន្តរជាតិ​ ដែល​ត្រូវ​បង្ខំ​ដោះលែង​​លោក​កឹម សុខា​និង​បើក​ផ្លូវ​ឱ្យ​បក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ​​ទើប​បាន​ជា​បង្កើត​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​ថា ​លោក​កឹម សុខា​មាន​បំណង​ចង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​ចង់​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត។​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​កុំជឿ​លើ​ការ​ឃោសនា​របស់​លោក​ហ៊ុន សែន​និង​បក្្ខ​ពួក​ដែល​ភូត​ភរ​ថា​ លោក​កឹម សុខា​មាន​បំណង​ចង់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​ លោក​បន្ត​ថា​ នេះ​គ្រាន់តែ​ជា​សង្រ្គាម​ចិត្ត​សាស្ត្រ​ប៉ុណ្ណោះ។​

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​គឹម សុខ​យល់​ថា ​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​គឺ​ជា​រឿង​ដែល​មិន​យល់​អំពី​ការ​វិវត្ត​ស្ថាន​ការណ៍​នយោបាយ​អ្វី​ទាំងអស់​ ដោយ​ថា​ ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​គង់​នឹង​បែក​បាក់​ដោយ​ខ្លួន​ឯង​ ហេតុ​អ្វី​បាន​ជា​លោក​ហ៊ុន សែន​ចាំ​បាច់​ទៅ​ប្តឹង​លោក​សម រង្ស៊ី​មិន​ឱ្យ​អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​អាច​រស់​នៅ​ក្នុង​ប្រទេស​បាន។​

បន្ថែម​ពីនេះ​ បើ​គង់​តែ​បក្ស​ប្រឆាំង​បែក​បាក់ ​ហេតុ​អ្វី​បាន​ជា​លោក ​ហ៊ុន សែន​ប្រឹង​ប្រតិដ្ឋ​រឿង​ដើម្បី​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា ​និង​បង្កើត​ល្បិច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំនេះ​ចោល​ មុន​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ចូល​មក​ដល់​ថែ​មទៀត​ផង។​

លោក​គឹម សុខ​អះអាងថា​ ​ក្រោយ​ការ​រំលាយ​​បក្ស​ប្រឆាំង​ចោល​ លោក​ហ៊ុន សែន​បាន​ខិតខំ​ប្រឹង​ប្រែង​អូស​ទាញ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ​ដើម្បី​ឱ្យ​ចូល​មក​អនុវត្ត​យុទ្ធ​សាស្ត្រ​នយោបាយ​បន្ត​អំណាច​របស់​ខ្លួន​ថែម​ទៀត។​ លោក​បន្ត​ថា​ សកម្ម​ភាព​របស់​លោក ​ហ៊ុន សែន​ដែល​ប្រឹង​ធ្វើ​ទាំង​នេះ​គឺ​ជា​ល្បិច​នយោបាយ​ដ៏​អ​សីល​ធម៌។​

អ្នក​វិភាគ​រូប​នេះ​យល់​ថា​ ប្រសិន​បើ​លទ្ធភាព​គណបក្ស​សង្រ្គោះ​ជាតិ​ឈាន​ទៅ​បែក​បាក់​មែន​នោះ​គឺ​កើត​ចេញ​ពី​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​ដ៏​អាក្រក់​របស់​លោក​ ហ៊ុន សែន​មិនមែន​ដោយ​សារ​ការ​បែក​បាក់​ដោយ​ខ្លួន​ឯង​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស