មេដឹកនាំក្រុងភ្នំពេញដែលសិទ្ធិនឹងរបបក្រុងប៉េកាំងគឺលោកហ៊ុន សែន បានថ្លែងជាថ្មីទៀតថា ចិនមិនមែនមកគ្រប់គ្រងកម្ពុជានោះឡើយ ហើយចិនក៏គ្មានយោបាយដើម្បីគ្រប់គ្រងប្រទេសណាមួយ ដូចប្រទេសខ្លះនោះដែរ។
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកនេះ លោកហ៊ុន សែនបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿការឃោសនាអកុសលរបស់ក្រុមបក្សប្រឆាំង ដែលបានឃោសនាថា ចិនចូលមកគ្រប់គ្រងប្រទេសកម្ពុជា។ លោកអះអាងថា បើទោះបីជាចិនចង់ត្រួតកម្ពុជាក៏ដោយ ក៏កម្ពុជាមិនឱ្យចិនគ្រប់គ្រងដែរ ហើយម្យ៉ាងទៀតនយោបាយចិនគ្មានគោលដៅត្រួតត្រាប្រទេសណាទាំងអស់។
ការអះអាងរបស់លោកហ៊ុន សែននៅពេលនេះទំនងសំដៅទៅដល់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលកំពុងទាមទារឲ្យរបបលោកហ៊ុន សែនងាកមកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ទោះបីជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិ ក្រៅពីប្រទេសកុម្មុយនីស្តបានថ្កោលទោសរបបលោកហ៊ុនជាបន្តបន្ទាប់ដោយថា របបនេះបានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនិងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។
សហគមន៍អន្តរជាតិដែលមានអឺរ៉ុប និងអាមេរិកនាំមុខគេបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្នុងពេលឆាប់ៗ ប្រសិនបើរបបនេះមិនព្រមស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា ព្រមទាំងមន្ត្រីជាប់បម្រាមជាង១រយនាក់និង បើកលំហសេរីភាពដល់សារព័ត៌មានឯករាជ្យសង្គមស៊ីវិល និងសហជីពជាដើម។
អ្នកវិភាគគោលនយោបាយជាតិនិងអន្តរជាតិជាច្រើន ក៏បានបង្ហាញក្តីបារម្ភចំពោះនយោបាយបោះពួយទៅរកចិនឥតងាករេរបស់លោកហ៊ុន សែន ហើយនិយាយថា វាជានយោបាយបាត់បង់ភាពម្ចាស់ការរបស់ខ្លួន។
មិនតែប៉ុណ្ណោះ សារព័ត៌មាន Asia Times កាលពីចុងឆ្នាំមុនបានចុះផ្សាយថា កម្ពុជានឹងក្លាយជាចំណុចស្នួលនៃការផ្ទុះឡើងនូវសង្គ្រាមត្រជាក់ជាថ្មីទៀត រវាងអាមេរិក និង ចិន តាមរយៈការសាងសង់ មូលដ្ឋានយោធារបស់ចិននៅក្នុងទឹកដីខ្មែរ ព្រមទាំងជំហរការពារគ្នាឥតងាករេរវាងមេដឹកនាំចិននិងមេដឹកនាំកម្ពុជា៕