29 C
Phnom Penh

VOA​ ស្នើ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​​ឲ្យ​វិទ្យុ​នេះ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​VOA ​បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​VOA ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ដំណើរ​ការ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀត​នៅ​កម្ពុជា។​

ទីភ្នាក់ងារ​សារព័ត៌​មាន​កម្ពុជា​AKP​បាន​ចុះផ្សាយ​ថា​ការ​ស្នើនេះ​ធ្វើ​ឡើង​ ក្នុង​ជំនួប​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​គឺ​លោក​ខៀវ កាញារីទ្ធ​ជាមួយ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម​នៃ​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (US Agency for Global Media)​គឺ​លោក​ Mehmood Kazmi និង​ប្រធាន​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​VOA​ ជា​ខេមរ​ភាសា​លោក​Chris Decherd ​កាល​ពី​ព្រឹកម៉ិញ។​

លោក​ខៀវ កាញារីទ្ធ​បាន​អះអាង​ថា ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ក្រសួង​ព័ត៌មាន​តែងមាន​ជំហរ​ជួយ​សម្រួល​ដល់​ដំណើរ​ការ​របស់​វិទ្យុ​VOA​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​សារព័ត៌​មាន​ទាំងអស់​អាច​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​បាន​​ដោយ​រលូន។​ ប៉ុន្តែ​លោក​ថា ​បញ្ហា​ពន្ធដារ​ជាមួយ​នឹង​វិទ្យុ​VOA​គឺជា​រឿង​ផ្សេង​ដាច់​ដោយ​ឡែក​ពី​ក្រសួង​ព័ត៌មាន។ ​លោក​បាន​ចាត់​ទុក​ ការ​វិល​ត្រឡប់​មកជា​ថ្មីម្តង​ទៀត​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​VOA​មក​កម្ពុជា​គឺ​ជា​ការ​ល្អ​ប្រសើរ។​

ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​ របប​លោក​ហ៊ុន សែន​បាន​គាប​សង្កត់​ទៅ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ រួមមាន​កាសែត​The Cambodai Daily​ វិទ្យុ​អាស៊ី​សេរី ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ ក្រោម​ហេតុផល​ថា​ ពន្ធដារ​និង​រដ្ឋបាល ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ទាំង​នេះមិន​អាច​បំពេញ​ការងារ​នៅ​ក្នុង​ស្រុក​បាន​​ឬ ធ្វើ​ការ​ដោយ​ភ័យ​ខ្លាច​​និង​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុ​ជា​ផង​ដែរ៕ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស