លោកហ៊ុន សែនបានស្នើឱ្យថៅកែរោងចក្រW&Dទទួលយកកម្មកររោងចក្រនេះ ដែលខ្លួនបានបញ្ឈប់កាលពីពេលថ្មីៗនេះឱ្យចូលបម្រើការងារឡើងវិញ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញនាព្រឹកនេះ លោកហ៊ុន សែនបកស្រាយឡើងវិញថា កម្មកររោងចក្រដែលបានទៅតវ៉ាក្បែរគេហដ្ឋានរបស់លោកកាលពីសប្តាហ៍មុនមិនមែនទាមទារប្រាក់អតីតភាពការងារទៀតឡើយប៉ុន្តែជាការទាមទារឱ្យថៅកែរោងចក្រទទួលយកពួកគាត់ជិត១ពាន់នាក់ឱ្យចូលធ្វើការងារវិញប៉ុណ្ណោះ។
លោកហ៊ុន សែនបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិត សំហេងធ្វើការសម្របសម្រួលភាគីទាំងពីរដើម្បីឈានទៅបញ្ចប់វិវាទការងារនៅរោងចក្រមួយនេះហើយភាគីទាំងពីរក៏ត្រូវយោគយល់គ្នាទៅវិញទៅមកផងដែរ។
កាលពីថ្ងៃច័ន្ទសប្តាហ៍មុន លោកហ៊ុន សែនបានថ្លែងប្រាប់ឱ្យប្រធានសហភាពការងារកម្ពុជាលោកអាត់ ធន់ណែនាំទៅសមាជិករបស់ខ្លួននៅរោងចក្រW&Dដែលកំពុងធ្វើកូដកម្មទាមទារប្រាក់អតីតភាពការងារឱ្យបញ្ឈប់សកម្មភាពទាមទារនោះបន្តទៀត ដោយថា ជារឿងមិនអាចទៅរួច និងជារឿងខុសច្បាប់។
ក្រោយការប្រកាសនេះ ទាំងកម្មករទាំងសហភាពការងារកម្ពុជានិងក្រសួងការងារផងបានចេញមុខបំភ្លឺថា ការធ្វើកូដកម្មទាមទាររបស់ក្រុមកម្មករមិនពាក់ព័ន្ធរឿងប្រាក់អតីតភាពការងារទៀតនោះទេ ប៉ុន្តែជាការស្នើឱ្យទទួលពួកគាត់ជិត១ពាន់នាក់ចូលធ្វើការងារវិញដោយគ្មានការរើសអើងប៉ុណ្ណោះ។
កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រW&Dបានផ្ទុះការតវ៉ាដើម្បីទាមទារឲ្យថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩។ បញ្ហានេះធ្វើឱ្យថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ដោយសារមិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ក្រោយមករោងចក្រនេះបានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញប៉ុន្តែមានកម្មករជាច្រើនរយនាក់ទៀតថៅកែមិនព្រមឱ្យចូលធ្វើការឡើយ៕