មន្រ្តីអាវុធហត្ថស័ក្ក៤នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះនិងជាកូនប្រុសបង្កើតរបស់មេបញ្ជាការអាវុធហត្ថក្នុងខេត្តនេះគឺលោកសាន្ត សុខុមបានយល់ព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចហើយ នៅរសៀលថ្ងៃនេះដើម្បីទទួលទោសរបស់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សា និងដកកាំភ្លើងគំរាមយុវជន២នាក់ក្នុងហាងអ៊ីនធឺណេតមួយកន្លែងនៅទីរួមខេត្តកំពង់ចាម។
ការព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចនេះ ធ្វើឡើងក្រោយពេលលោកហ៊ុន សែនបានប្រកាសនៅព្រឹកនេះឱ្យមន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្ក៤រូបនោះចេញមកប្រគល់ខ្លួនទទួលកំហុសតាមអ្វីដែលខ្លួនបានប្រព្រឹត្ត។មេដឹកនាំរបបក្រុងភ្នំពេញបង្ហើបទៅមេប៉េអឹមខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថា ដែលជាឪពុកជនសង្ស័យថា ត្រូវនាំកូនរបស់ខ្លួនមកប្រគល់ឱ្យសមត្ថកិច្ច បើមិនដូច្នេះលោកហ៊ុន សែននឹងដកតំណែងមេប៉េអឹមរូបនោះចោលនិងបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការថែមទៀត។
មន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤លោកសាន្ត សុខុមកាលពីថ្ងៃទី១៩ខែមីនាបានប្រើហិង្សា និងប្រើប្រាស់កាំភ្លើងគំរាមយុវជនពីរនាក់នៅកន្លែងលេងអ៊ិនធឺណេតមួយកន្លែងក្នុងក្រុងកំពង់ចាម។
កាលពីថ្ងៃម្សិលមិញ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមលោកហាក់ ហ៊ន់បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះសាន្ត សុខុមចូលខ្លួនបំភ្លឺនៅតុលាការឲ្យបានមុនថ្ងៃទី២៦ខែមេសាពាក់ព័ន្ធសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ។
ក្រៅពីករណី មន្ត្រីកងរាជអាវុធហត្ថនៅខេត្តក្រចេះនេះ លោកហ៊ុន សែនក៏បានបញ្ជាឱ្យមន្ត្រីសមត្ថកិច្ចពីរនាក់នៅខេត្តព្រៃវែងចេញមកបង្ហាញខ្លួននិងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមន្ត្រីទាំងនោះពាក់ព័ន្ធករណីបាញ់ប្រហារបុរសជិះរថយន្តម្នាក់ឈ្មោះយ៉ន រ៉ាវុធកាលពីយប់ថ្ងៃទី២៣មីនា បណ្តាលបុរសនោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ដោយគ្រាន់តែសមត្ថកិច្ចសង្ស័យថា បុរសរូបនោះជាចោរ។
ទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានលើកឡើងពីការសោកស្តាយ និងចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ក្រោយពេលលោកទទួលបានព័ត៌មានមកថា លោកយ៉ន រ៉ាវុធបានទទួលមរណភាពក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២៣ខែមីនានៅចំណុចភូមិគោកសណ្ដែកឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោកស ខេងបានសច្ចាថា ក្នុងនាមក្រសួងមហាផ្ទៃលោកសន្យាថា នឹងស្វែងរកយុត្តិធម៌ជូនគ្រួសារសព ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធនិងជូនសង្គមជាតិយើងទាំងមូល៕