សកម្មជនបរិស្ថានសម្តែងក្តីបារម្ភថាការវិនិយោគវារីអគ្គិសនីបន្ថែមទៀតដើម្បីយកថាមពលមកផ្គត់ផ្គង់តម្រូវការក្នុងស្រុកនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជាពិសេសការបំផ្លិចបំផ្លាញធនធានធម្មជាតិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សជាដើម។
ស្ថាបនិកអង្គការមាតាធម្មជាតិលោកAlejandro Gonzalez Davidson បានប្រាប់The Cambodia Dailyថា លោកមិនគាំទ្រចំពោះគម្រោងវិនិយោគទំនប់វារីអគ្គិសនីបន្ថែមទៀតនោះឡើយ។
លោកបន្ថែមថា គម្រោងកសាងតំបន់ទំនប់វារីអគ្គិសនីនៅស្រុកសំបូរ ខេត្តក្រចេះ និងនៅខេត្តស្ទឹងត្រែងនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវិតមនុស្ស។ សកម្មជនបរិស្ថានរូបនេះអះអាងរដ្ឋាភិបាលក្រុងភ្នំពេញក៏បានសារភាពហើយថា ទំនប់វារីអគ្គិសនីនឹងមិនអាចផ្តល់ថាមពលបានពេញលេញឡើយនៅក្នុងរដូវប្រាំង ដោយមិនមានទឹកគ្រប់គ្រាន់ប្រើប្រាស់។
កាលពីថ្ងៃ១៨មីនា អគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយថា កត្តាដែលធ្វើឱ្យខ្វះភ្លើងអគ្គិសនីដោយសារតែកំណើនវិនិយោគទុនក្នុងនិងក្រៅស្រុក និងការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា។ ម្យ៉ាងទៀតអាកាសធាតុក្តៅខ្លាំងនិងកង្វះទឹកខុសប្រក្រតីធ្វើឱ្យតំបន់ វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ។
ជាដំណោះស្រាយអគ្គិសនីកម្ពុជាបានស្នើឲ្យរដ្ឋាភិបាលទិញអគ្គិសនីបន្ថែមទៀតពីប្រទេសថៃនិងឡាវហើយស្នើឱ្យវៀតណាមនៅតែរក្សាការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាដដែល ប៉ុន្តែកម្ពុជានៅតែខ្វះថាមពលអគ្គិសនីប្រមាណ១៣%បន្ថែមទៀត។
ប្រភពដដែលអះអាងថា ក្នុងទិសដៅអភិវឌ្ឍន៍វិស័យអគ្គិសនីដល់ឆ្នាំ២០៣០ កម្ពុជាបានរៀបចំផែនការមួយចំនួនដូចជាការបង្កើតតំបន់វារីអគ្គិសនីបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងទៀត។
លោកអាឡិចយល់ថា ការបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានប្រយោជន៍ក្នុងការផ្តល់អគ្គិសនីច្រើនក៏ពិតមែន ប៉ុន្តែវាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានក្នុងតំបន់និងសលកលោក។
លោកថា ដើម្បីដោះស្រាយបញ្ហាភ្លើងអគ្គិសនីជាលក្ខណៈយូរអង្វែងនោះកម្ពុជាគួរតែវិនិយោគប្រព័ន្ធផលិតអគ្គិសនីយកពីថាមពលពន្លឺព្រះអាទិត្យឬហៅថា ប្រព័ន្ធសូឡា ដ្បិតកម្ពុជាជាប្រទេសមួយក្តៅអាចប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផលិតជាថាមពលប្រើប្រាស់បានច្រើន។ បន្ថែមពីនេះ ពលរដ្ឋក៏អាចចូលរួមចំណែកជាលក្ខណៈគ្រួសារ ដោយសហការជាមួយរដ្ឋផងដែរ៕