27 C
Phnom Penh

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមាន​បោះពួយ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពីក​ម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិពល​របស់​សហ​រដ្ឋ​អាមេរិក​លោក​Ted Cruz ​ព្រមាន​ថា​ លោក​នឹង​បន្ត​ជំរុញ​ឲ្យ​តំណាង​រាស្រ្ត​អាមេរិកាំង​ទាំងអស់​បង្កើន​ការ​បោះពួយ​របស់​ខ្លួន​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​ពាណិជ្ជ​កម្ម​កម្ពុជា​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​The Cambodia Trade Act។​

លោក​Ted Cruz​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​របស់​លោក​ថា ​ ក្រុម​របស់​លោក​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា​ក្រោយពី​លោក​ហ៊ុន សែន ​បង្កើន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង។​

ការ​គំរាម​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​រូប​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ថ្លែង​ជា​សាធារណៈ​ថា ​លោក​នឹង​មិន​ដោះលែង​លោក​កឹម សុខា​នោះ​ទេ​ដោយ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​កាត់​សេចក្តី​ពីព្រោះ​លោក​កឹម សុខា​ជាអ្នក​រារាំង​មិន​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​មក​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ។​

ប៉ុន្តែ​លោក​កឹម សុខា​បាន​បញ្ជាក់​តាម​មេធាវី​របស់​លោក​ថា​ លោក​មិន​បាន​ហាម​មិន​បាន​បន្ទោស ​ហើយ​ក៏​មិន​បាន​ជំរុញ​ឲ្យ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន​ សែន​នោះ​ដែរ។​

កាលពី​ខែ​មករា​កន្លង​ទៅ ​សមាជិក​ព្រឹទ្ធ​សភា​ពីរ​រូប​ពី​គណបក្ស​សាធារណ​រដ្ឋ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​គឺ​លោក​Ted Cruz​ពី​រដ្ឋ​Texas​និង​លោក​Chris Coons​ពី​រដ្ឋ ​Delaware​បាន​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​មួយ​ឈ្មោះ ​The Cambodia Trade Act ​ឬ ​ហៅ​កាត់​ថា ​CTA​ ដែល​នឹង​តម្រូវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​សើរើ​ឬ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុគ្រោះ​ពន្ធ​ដោយ​ស.រ.អា.​ថា​ តើ​ត្រូវ​ផ្តាច់​ត្រូវ​ព្យួរ​ ឬ​ត្រូវ​កាត់​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​​លើ​ទំនិញ​របស់​កម្ពុជា​មក​លក់​នៅ​ទីផ្សារ​អាមេរិក។ ​កម្ម​វិធី​អនុ​គ្រោះ​ពន្ធ​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅ​តាម​អង់គ្លេស​ថា ​Generalized System of Preferences​(GSP)​របស់​សហ​រដ្ឋ​អាមេរិក​នេះ​បាន​ផ្តល់​ដល់​កម្ពុជា​នៅ​ឆ្នាំ​១៩៩៧​ដើម្បី​ជួយ​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ។​

ចាប់ពី​នោះ​មក ​កម្ពុជា​ដឹក​ផលិត​ផល​កាត់​ដេរ​របស់​ខ្លួន​ទៅ​លក់​នៅ​សហ​រដ្ឋ​អាមេរិក​ឥត​បង់​ពន្ធ​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ហើយ​ដែល​នាំឲ្យ​កម្ពុជា​ចំណេញ​ពីការ​អនុគ្រោះ​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។​ កាលពី​ឆ្នាំ​២០១៨​ស.រ.អា.​បាន​បន្ត​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ ​GSP ​នេះ​ដល់​កម្ពុជា​ទៀត។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ​ប្រសិន​បើ​អាមេរិក​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន​ នោះ​កម្ពុជា​ខាតបង់​ចំណូល​ជាង​៤​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស