គ្រូបង្រៀននិងបុគ្គលិកក្រសួងអប់រំជិត១០នាក់ក្នុងចំណោមគ្រូបង្រៀនចំនួន១១នាក់បានដាក់ពាក្យប្តឹងក្រសួងអប់រំករណីលុបឈ្មោះពួកគេចេញពីក្របខណ្ឌក្រសួងបានបញ្ជាក់ថា តុលាការក្រុងភ្នំពេញនឹងសម្រេចថា តើចាត់វិធានការបែបណាលើសំណុំរឿងនេះបន្តទៀតនៅ៣សប្តាហ៍ក្រោយ។
ការអះអាងនេះធ្វើឡើងក្រោយពេលក្រុមគ្រូបង្រៀននិង បុគ្គលិកក្រសួងអប់រំជិត១០នាក់ដឹកនាំដោយ អតីតសមាជិកគ.ជ.ប.លោករ៉ុង ឈុនដែលជាដើមបណ្តឹងនិងក្រុមតំណាងក្រសួងអប់រំដែលជាចុងបណ្តឹងបានចូលឆ្លើយបំភ្លឹនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការនៅព្រឹកនេះអតីតសមាជិកគ.ជ.ប. និងជាអតីតបុគ្គលិករបស់ក្រសួងអប់រំលោករ៉ុង ឈុនសង្ឃឹមថា ក្រុមរបស់លោកនឹងទទួលបានយុត្តិធម៌ប្រសិនបើតុលាការឈរនៅលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈដោយមិនរងសម្ពាធនយោបាយនោះទេ។
លោករ៉ុង ឈុននៅតែអះអាងថា ករណីក្រសួងអប់រំលុបឈ្មោះពួកគាត់ជាង១០នាក់កាលពីដើមឆ្នាំ២០១៨គឺជារឿងនយោបាយពីព្រោះពួកគាត់សុទ្ធតែជាអតីតមន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ខេត្តព្រមទាំងជាអតីតមន្ត្រីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពីកូតាគណបក្សសង្រ្គោះជាតិ។ លោកបន្តថា ការលុបឈ្មោះពួកគាត់ចេញពីក្របខណ្ឌក្រសួងគឺជារឿងបំពានច្បាប់ និងជារឿងអយុត្តិធម៌។
អតីតគ្រូបង្រៀននៅសាលាគរុកោសល្យនិង វិក្រឹត្យការខេត្តព្រះសីហនុនិងជាអតីតសមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុមកពីគណបក្សសង្គ្រោះជាតិអ្នកស្រីវង រុន្នីបញ្ជាក់ថា ប្រសិនបើសំណុំរឿងនេះតុលាការមិនបានផ្តល់យុត្តិធម៌ជូនពួកគាត់ទេ នោះសាធារណជននឹងមើលឃើញកាន់តែច្បាស់អំពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ អ្នកស្រីបន្តថាការលុបឈ្មោះពួកគាត់ចេញពីក្របខណ្ឌក្រសួងអប់រំគឺរំលោភទៅនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការទាំងស្រុង។
កំណត់ហេតុរបស់តុលាការនៅថ្ងៃនេះបញ្ជាក់ថា ភាគីចុងបណ្តឹងដែលមានតំណាងរដ្ឋមន្ត្រីក្រសួងអប់រំពីរនាក់និងមេធាវីម្នាក់ បានលើកឡើងថា ការសម្រេចលុបឈ្មោះក្រុមគ្រូបង្រៀនទាំងនោះជាការអនុវត្តតាមច្បាប់ត្រឹមត្រូវដោយសំអាងលើហេតុផល និងនីតិវិធីមួយចំនួន។
បន្ថែមពីនេះ ក្រសួងក៏បានបញ្ជាក់ថា ការដាក់លិខិតអន្តរាគមន៍និងពាក្យបណ្តឹងរបស់ក្រុមគ្រូបង្រៀនទាំងនោះជារឿងមិនត្រឹមត្រូវ ហើយក៏ច្រានចោលការលើកឡើងរបស់ក្រុមគ្រូបង្រៀនទាំងនោះផងដែរ ដោយស្នើឱ្យចៅក្រមទម្លាក់ចោលពាក្យបណ្តឹងរបស់ដើមចោទទាំងស្រុងទៀតផង។
កាលពីដើមឆ្នាំ២០១៨រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោកហង់ ជួនណារ៉ុនបានសម្រេចលុបឈ្មោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន១៣នាក់ ដែលជាអតីតមន្ត្រីជាប់ឆ្នោត និងមន្ត្រី គ.ជ.ប. កូតា មកពីបក្សប្រឆាំង ចេញពីក្របខ័ណ្ឌក្រសួងអប់រំ ក្រោមហេតុផលថាគ្រូបង្រៀនទាំងនោះអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។
ក្រោយការលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រុមគ្រូបង្រៀនចំនួន១១នាក់ ក្នុងចំណោម១៣ នាក់ បានដាក់លិខិតអន្តរាគមន៍ជាច្រើនទៅក្រសួងអប់រំ ទៅលោកនាយករដ្ឋមន្ត្រី និងទៅសហគមន៍អន្តរជាតិ ហើយចុងក្រោយពួកគេសម្រេចដាក់ពាក្យប្ដឹងរដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការបដិសេធសេចក្ដីប្រកាសរបស់ក្រសួងអប់រំ និងផ្ដល់ក្របខណ្ឌជាគ្រូបង្រៀនដល់ពួកគេវិញ៕