28.4 C
Phnom Penh

លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​លោក​នឹង​មិន​ចុះ​ញ៉ម​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​រដ្ឋាភិបាល ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​លក្ខណៈ​ពង្រឹង​ផ្ទៃ​ក្នុង​គ្រប់គ្រាន់​ជាពិសេស​យុទ្ធនាការ​ពង្រឹង​សេដ្ឋ​កិច្ច​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ដោយមិន​អោន​ក្បាល​ចំពោះ​ការ​ទាមទារ​របស់​អន្តរជាតិ​នោះ​ឡើយ។​

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​សាកល​វិទ្យា​មួយ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន​បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​ខ្លួន​ដោយ​កំណែ​ទម្រង់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ខ្លួន​ឯង​កាន់តែ​ខ្លាំង​និង​ក្លាយ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​ ទោះបី​ជា​មាន​ ឬ​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ពី​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក ​ក៏​ដោយ។​

លោក​ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ទៀត​ថា ​លោក​នឹង​មិន​ធ្វើតាម​កង្វល់​នានា​របស់​អន្តរជាតិ ​ឡើយ​ដ្បិត​វា​មិន​មែន​ជា​បន្ទាត់​ច្បាប់​ដែល​ត្រូវ​យក​មក​អនុវត្ត​នៅ​កម្ពុជា។ ​លោក​បង្ហើប​ថា ​លោក​មាន​បំណង​ចង់​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​កម្ពុជា​ដោយ​បង្រួញ​ឱ្យ​នៅ​តិច​ថ្ងៃ​ដោយ​សារ​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ហួស​ហេតុ​ច្រើន​ជាង​ប្រទេស​អ្នក​មាន​ទៅ​ទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទុន​នៅ​កម្ពុជា​មាន​ការ​ខាត​បង់។​

ក្រោយ​មក​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ព្រមាន​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​និង​GSP​ប្រសិន​បើ​រដ្ឋ​បាល​លោក​ហ៊ុន សែន​មិន​ព្រម​ស្តារ​ស្ថាន​ការណ៍​នយោបាយ​និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​ទេ។ ​ រដ្ឋាភិបាល​បាន​ក៏​ចាប់​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​សេដ្ឋ​កិច្ច​របស់​ខ្លួន​និង​ធ្វើ​កំណែ​ទម្រង់​ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ជា​បន្ត​បន្ទាប់។​

វិធាន​ការ​កំណែ​ទម្រង់​ដល់​វិស័យ​ឯកជន​ មាន​ដូច​ជា​ការ​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​ចំពោះ​សហគ្រាស​កសិកម្ម​រយៈ​ពេល​៥​ឆ្នាំ។​ វិធាន​ការ​ដក​កាំកុងត្រូល​ចេញ​ពី​ព្រំដែន ​ ​ការ​លុប​ចោល​ស្ថាប័ន​នាវា​ចរ​កាំ​សាប ​និង​ការ​លុប​ចោល​ការិយាល័យ​ក្រសួង​នៅ​ថ្នាក់​ស្រុក​មួយ​ចំនួន ព្រម​ទាំង​ការ​បង្កើត​ក្រុម​ការងារ​ជាដៃ​គូ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ជា​ដើម។​

ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ចំពោះ​ដំណើរ​ការ​ឈាន​ទៅ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​និង​GSP​ពី​កម្ពុជា​ទាំង​ស្រុង​នៅ​ពេល​ខាង​មុខ​ ដែល​នឹង​អាច​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជា​​ជា​ពិសេស​ពល​រដ្ឋខ្មែរ​រាប់​សែន​នាក់​នឹង​ប្រឈម​ការ​បាត់​បង់​ការ​ងារ​ធ្វើ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស