27 C
Phnom Penh

រោងចក្រ​W&D​យល់ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យចូល​ធ្វើការ​វិញ​ ក្រោយ​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោង​ចក្រ W&D​ បាន​យល់​ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ និង​យល់​ព្រម​រក្សា​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​នយោ​ជិត​ទាំង​អស់​នោះ​ទៀត​ផង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រោង​ចក្រ​ឬ ​ក្រុមហ៊ុន ​W&D​នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ ​ខ្លួន​យល់​ព្រម​ឱ្យ​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំងអស់​ឱ្យ​ចូល​ធ្វើការ​ងារ​វិញ​ ដោយ​គិត​ចាប់​ពីថ្ងៃ​ទី​២៩​និង​៣០​ មីនា​ជា​កំហិត។​ ប្រភព​ដដែល​ក៏បាន​បញ្ជាក់ថា​ ការ​ទទួល​យក​កម្មករ​​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ​ដោយ​គោរព​តាម​ការ​អំពាវ​នាវ​របស់​លោក​នាយករ​ដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ស្នើឱ្យ​ខាង​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ដែល​នៅ​សេស​សល់​ចូល​ធ្វើការ​ងារ​វិញ​ទាំង​អស់ ​កាល​ពី​ថ្ងៃ​ទី ​២៥​មីនា​កន្លង​ទៅ។​

ក្រុមហ៊ុន​ដដែល​នេះ ​ក៏​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​មិន​ទូទាត់​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ជូន​កម្មករ​អំឡុង​ពេល​ធ្វើ​កូដកម្ម​ឡើយ ​ដោយ​ខាង​រោង​ចក្រ​យោង​ទៅ​តាម​ច្បាប់​ការងារ​ហើយ​ស្នើឱ្យ​កម្មករ​ដែល​ចូល​ធ្វើ​ការងារ​វិញ​គោរព​តាម​ការ​ចាត់​ចែង​និង​បទ​បញ្ជា​ផ្ទៃក្នុង​របស់​រោងចក្រ។​

លោក​ហ៊ុន សែន​នៅថ្ងៃ​នេះ​ក៏​បាន​ស្នើ​ឱ្យ​កម្មករ​រោងចក្រ​W&D​វិល​ត្រឡប់​ទៅ​ចូល​ធ្វើការងារ​វិញ​តាម​ការ​អំពាវនាវ​របស់​លោក​កាលពី​ពេលថ្មីៗ​នេះ។ ​លោក​ក៏​អំពាវនាវ​ឱ្យ​កម្មករ​ទាំង​នោះ​មិន​ត្រូវ​ធ្វើ​កូដកម្ម​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្វាក់​ផលិត​របស់​រោងចក្រ ​និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កម្មករ​ផង​ដែរ។​

កាលពី​ចុង​ឆ្នាំ​២០១៨ ​កម្មករ​ជិត​២​ពាន់​នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​W&D​បាន​ផ្ទុះ​ការ​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​បើក​ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជា​កញ្ចប់​មុន​ឆ្នាំ​២០១៩។​ ការ​ទាមទារ​នោះ​បាន​នាំឲ្យ​ថៅកែ​រោងចក្រ​សម្រេច​បញ្ឈប់​កម្មករ​ជាង​១​ពាន់នាក់​ដោយ​ចោទ​ថា មិន​គោរព​តាម​ការ​សម្រេច​រក្សា​ការពារ​របស់​តុលាការ ។ ​ ក្រោយ​មក​រោងចក្រ​នេះ​បាន​ប្រកាស​ទទួល​យក​កម្មករ​ឲ្យ​ចូល​បម្រើ​ការងារ​វិញ​ប៉ុន្តែ​ភាគី​រោងចក្រ​មិន​ព្រម​ទទួល​យក​កម្មករ​ជិត​១​ពាន់​នាក់​ផ្សេង​ទៀត​ឱ្យ​ចូល​ធ្វើការ​នោះ​ទេ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស