27 C
Phnom Penh

លោក​ហ៊ុន សែន​គ្រោង​ជួប​ប្រតិភូ​មក​ពី​ប្រទេស​តួគី​ដើម្បី​ចរចា​​នាំ​នាវា​ផ្ទុក​ម៉ាស៊ីភ្លើង​ចូល​ក្រុង​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា​ លោក​នឹង​ជួប​ជាមួយ​ប្រតិភូ​ប្រទេស​តួគី​ដើម្បី​ពិភាក្សា​ក្នុង​ការ​នាំយក​នាវា​ផ្ទុក​ម៉ាស៊ីន​ភ្លើង ​ដើរ​ដោយ​ប្រេង​ខ្មៅ​ចូល​មក​ក្រុង​ភ្នំពេញ​ដែល​អាច​ផ្តល់​ថាមពល​បាន​ប្រមាណ​២០០​មេ​ហ្គាវ៉ាត់។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​នៅ​ថ្ងៃនេះ​បញ្ជាក់​ថា​  នៅ​រសៀល​នេះ​លោក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ចំនួន​ក្នុង​ការ​ទទួល​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ថៃ​ប្រមាណ​១០០​មេ​ហ្គាវ៉ាត់ ​ប្រទេស​ឡាវ​ និង​ប្រទេស​វៀតណាម​ចន្លោះ​ពី​៥០-១០០​មេហ្គាវ៉ាត់​ ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​អះអាង​ថា ​បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ខ្វះខាត​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ទំហំ​ប្រមាណ​ជាង​៤០០​មេ​ហ្គាវ៉ាត់​ទៀត។​

ប្រភព​ដដែល​បន្ថែម​ថា ​នៅ​ថ្ងៃ​ស្អែក ​លោក​ហ៊ុន សែន​នឹង​ជួប​ជាមួយ​គណៈ​ប្រតិភូ​មក​ពី​ប្រទេស​តួគី​ដើម្បី​ចរចា​ក្នុង​ការ​នាំនា​វា​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​ដែល​អាច​ផ្តល់​ថាម​ពល​អគ្គិសនី​បាន​ប្រមាណ​២០០​មេ​ហ្គាវ៉ាត់​សម្រាប់​ផ្គត់ផ្គង់​ភ្លើង​រយៈ​ពេល​៣​ឆ្នាំ​ ទម្រាំ​កម្ពុជា​មាន​អគ្គីសនី​គ្រប​គ្រាន់​ប្រើ​ប្រាស់​ឡើង​វិញ។​

លោក​ហ៊ុន សែន ​​ក៏បាន​បក​ស្រាយ​បន្ថែម​ទៀត​ថា​ កម្ពុជា​បាន​កសាង​វារី​អគ្គិសនី​មួយ​ចំនួន​ហើយ ​ប៉ុន្តែ​ដោយ​សារ​ឆ្នាំ​នេះ​មាន​គ្រោះ​រាំង​ស្ងួត​និង​ដោយសារ​វិស័យ​សំណង់​របស់​កម្ពុជា​បាន​កើន​ឡើង​ប្រមាណ​ ៧០០% ​បើ​ប្រៀបធៀប​នៅ​ខែ​មករា​និង​កុម្ភៈ​ឆ្នាំ​២០១៨។  ​បញ្ហា​ទាំង​នេះ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​ខ្វះខាត​ទឹក​ផ្តល់​ឲ្យ​ទំនប់​វារីគ្គិសនី​ ហើយ​ដែល​នាំ​ឲ្យ​កម្ពុជា​ជួប​ការ​ខ្វះខាត​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​តែ​ម្តង។​

ក្រៅពី​អំពាវ​នាវឱ្យ​ពលរដ្ឋ​អត់ធ្មត់ ​និង​យោគ​យល់​ជុំវិញ​បញ្ហា​នេះ​លោក​ក៏​ស្នើ​ដល់​អាជីវ​ករ​លក់​ម៉ាស៊ីន​ភ្លើង​សុំ​កុំ​ដំឡើង​ថ្លៃ​ខ្ពស់​ពេក​ ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ភ្លើង​របស់​ប្រជា​ពលរដ្ឋ។​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​អាឡិច ​ហ្គន់សាឡេស​ដេវីតសិន​ ធ្លាប់​លើក​ឡើង​ថា​ វិធាន​ការ​ទាំង​នេះ​ជា​វិធាន​ការ​បែប​ប្រជា​ភិថុ ​និង​មិន​មាន​លក្ខណៈ​យូរ​អង្វែង​ឡើយ។​

លោក​ថា ​បញ្ហា​ទឹក​ ភ្លើង​ នឹង​កាន់​តែ​កើត​មាន​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​គាប​សង្កត់​ក្រុម​អ្នក​ហ៊ាន​រិះគន់ ​ជាពិសេស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ជាដើម​ពីព្រោះ​បញ្ហា​ទាំង​នេះ​ជា​បញ្ហា​ធំ​ហួស​ពី​ដែន​សមត្ថ​កិច្ច​របស់​ក្រុម​លោក​ហ៊ុន សែន​ដើម្បី​ដោះស្រាយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស