ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីនគរបាល២នាក់និងមនុស្ស៣នាក់ទៀតនៅថ្ងៃនេះ ពាក់ព័ន្ធករណីបាញ់សម្លាប់ពលរដ្ឋម្នាក់នៅស្រុកបាភ្នំ កាលពីសប្ដាហ៍មុន។
ដីកាបង្គាប់ឲ្យឃុំខ្លួននាយផ្នែកអន្តោប្រវេសន៍ស្រុកព្រះស្តេច លោក ជឹម រតនៈ និងឈ្មោះជឹម វិនជាមន្ត្រីប៉ុស្តិ៍កំពង់សឹង្ហបណ្តោះអាសន្ន ពីបទឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០នៃច្បាប់គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។
ចំណែកបក្ខពួក៣នាក់ទៀតក៏ត្រូវបានតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍បង្កាច់កេរ្តិ៍និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៣១១មាត្រា៣១២និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី២៦មីនាលោកស ខេងបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា ករណីបាញ់ប្រហារទៅលើម្ចាស់រថយន្តម្នាក់ឈ្មោះយ៉ន រ៉ាវុទ្ធបណ្តាលឱ្យស្លាប់ពីសំណាក់សមត្ថកិច្ចនៅខេត្តព្រៃវែងត្រូវកម្លាំងនគរបាលសម្រេចបញ្ជូនជនល្មើសនិងអ្នកពាក់ព័ន្ធទៅតុលាការ។
ជាងនេះទៅទៀតក្រសួងមហាផ្ទៃក៏បាន ដាក់ពិន័យកងកម្លាំងនគរបាលដោយដកតំណែងមេប៉ុស្តិ៍ឈ្មោះជា ឡាឌីនដោយសារបានដឹកនាំកម្លាំងដោយអត្តនោម័ត។ ចំណែកមនុស្ស៤នាក់ដែលជាអ្នករួមដំណើរជាមួយជនរងគ្រោះត្រូវបានសមត្ថកិច្ចដោះលែងដោយធ្វើកិច្ចសន្យាអោយត្រឡប់មកធ្វើជាសាក្សីវិញពេលណាដែលសមត្ថកិច្ចត្រូវការ។ លោក ស ខេងសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ជូនគ្រួសារសពក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ។
យ៉ាងហោចណាស់មានបុរសម្នាក់ជាម្ចាស់រថយន្តឈ្មោះយ៉ន រ៉ាវុធ បានស្លាប់ ហើយបុរសម្នាក់ទៀតបានរងរបួសធ្ងន់ដោយសារទទួលរងនូវការបាញ់ប្រហារជាច្រើនគ្រាប់ពីសំណាក់ក្រុមសមត្ថកិច្ចកាលពីយប់ថ្ងៃទី២៣ខែមីនា នៅឯភូមិគោកសណ្ដែកស្ថិត ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង៕