35 C
Phnom Penh

រដ្ឋាភិបាល​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ជាប់​ព្រំដែន​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​នាំចូល​សាច​សត្វ​ និង​ជ្រូក​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​លោក​វេង សាខុន​នៅថ្ងៃ​នេះ​បាន​ស្នើជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចាត់​វិធានការ​ទប់​ស្កាត់​ និង​បង្រ្កាប​ឱ្យ​ទាន់​ពេល​វេលា​ចំពោះ​ការ​នាំចូល​សត្វ​និង​សាច់​សត្វ​ជាពិសេស​ការ​នាំ​ចូល​ជ្រូក​មក​ពី​ប្រទេស​ជិត​ខាង។​

ក្នុង​ពិធី​បូក​សរុប​ការងារ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូង​ឃ្មុំ ​កាល​ពី​ម្សិលមិញ​លោក​វេង សាខុន​បាន​ជំរុញ​ដល់​មន្ទីរ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ​ ត្រូវ​សហការ​គ្នា​ដើម្បី​ចាត់​វិធាន​ការ​ទប់ស្កាត់​និង​បង្រ្កាប​ឱ្យ​ទាន់​ពេល​វេលា ​ហើយ​ទប់​ស្កាត់​ដាច់ខាត ​ការ​នាំជ្រូក​ចូល​ខុស​ច្បាប់ ​ចូល​ពី​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​វៀតណាម។​

ការ​ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ខុស​ច្បាប់​ចូល​ពី​ប្រទេស​ជិត​ខាង​ពិសេស​ប្រទេស​វៀត​ណាម​នេះ  ​ដោយ​សារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​រីក​រាល​ដាល​នៅ​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីក​រាល​ដាល​ក្នុង​ខេត្ត​និង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ​ហើយ​អាជ្ញាធរ​​ចិន​បាន​សម្លាប់​ជ្រូក​ចោល​រាប់​ម៉ឺន​ក្បាល​ផង​ដែរ។​

ក្រោយ​ផ្ទុះ​ជំងឺ​នេះ​ អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ហៅ​កាត់​ថា​FAO​ បាន​ព្រមាន​ថា ​​ជំងឺ​ប៉េស្ត​​ជ្រូក​អាហ្វ្រិក​ដែល​​កើតឡើង​នៅ​ចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​​អាស៊ី​ ហើយ​បច្ចុប្បន្ន​ជំងឺ​នេះ​ក៏​បាន​រាលដាល​ដល់​ប្រទេស​វៀតណាម​ទៀត​ផង​ដែរ​ ខណៈ​កម្ពុជា​នៅ​មិន​ទាន់​កើត​មាន​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​នៅ​ឡើយ​ទេ។ ​

អង្គការ​​ FAO​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​មេរោគ​នេះ​ធន់​​ខ្លាំង ​ហើយ​អាច​រស់​​នៅ​បាន​យូរ​ពោល​គឺ​វា​អាច​ស៊ាំ​នឹង​អាកាស​ធាតុ​​ក្តៅ​ខ្លាំង​ ត្រជាក់​ខ្លាំង ។​ លើសពី​នេះ ​​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់​ជ្រូក​ក្រៀម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស