34 C
Phnom Penh

លោក​ហ៊ុន សែន​បញ្ជា​ឱ្យ​ក្រសួង​ពាណិជ្ជ​កម្ម​ពិនិត្យ​មើល​លទ្ធភាព​ប្តឹង​អង្គការ​WTO​ជុំវិញ​ការ​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​លើក​ឡើង​ពី​ភាព​អ​យុត្តិធម៌​ចំពោះ​សកម្ម​ភាព​របស់​សហភាព​អឺរ៉ុប​ដែល​សម្រេច​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​ហើយ​លោក​ថែម​ទាំង​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ប៉ាន សូរស័ក្កិ​ពិនិត្យ​មើល​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​WTO​ចំពោះ​ករណី​នេះ​ទៀត​ផង។​

ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៨​នៅ​វិមាន​សន្តិភាព​នៅថ្ងៃ​សុក្រ​នេះ ​លោក​ហ៊ុន សែន​បញ្ជាក់​ថា ​ការ​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​ពុំមែន​ជារឿង ​EBA​ នោះ​ទេ​ ប៉ុន្តែជា​រឿង​ប្រកួត​ប្រជែង​របស់​ប្រទេស​អ៊ីតាលី​ដែល​នាំ​អង្ករ​ចូល​អឺរ៉ុប​ប៉ុណ្ណោះ។​

លោក​បាន​បញ្ជា​ឱ្យ ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ប្តឹង​ទៅ​អង្គការ​ WTO​ក្រោយ​ពី​លោក​ទទួល​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ អំពី​ការ​សុំ​ប្តឹង​ទៅ​អង្គការ​អន្តរជាតិ​មួយ​នេះ។​

សហភាព​អឺរ៉ុប​ចាប់​ផ្តើម​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា​និង​មីយ៉ាន់ម៉ា​ ចាប់ពី​ថ្ងៃ​ទី​១៨​មករា​២០១៩​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា ​ដោយ​ឆ្នាំទី​១​តម្លៃ​ពន្ធ​​នាំអង្ករ​ចូល​ចំនួន​១៧៥​អឺរ៉ូ​ឬ​ប្រហែល​២០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​១​តោន។​

លោក​ហ៊ុន សែន​អះអាង​ថា ​ទោះបី​ជា​អឺរ៉ុប​យក​ពន្ធ​អង្ករ​ពី​កម្ពុជា​ក៏​ដោយ​ក៏មិន​ប៉ះពាល់​ដល់ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ​ ហើយ​កម្ពុជា​ក៏មិន​ប៉ះ​ពាល់​ដែរ​ ប៉ុន្តែ​លោក​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហភាព​អឺរ៉ុប​ទៅ​វិញ​ទេ ​ជា​អ្នក​ខាត​បង់។​

របាយ​ការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ក្នុង​ខែ​មករា​​ ឆ្នាំ​២០១៩​របស់​ក្រសួង​កសិកម្ម​បាន​​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​នៅខែ​មករា​បាន​ធ្លាក់​ចុះ​​ចំនួន​៥%​ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨។​

កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​ជាង​៦​ម៉ឺន​២ពាន់​តោន​រីឯ​ក្នុង​ខែ​មករា​ឆ្នាំ​នេះ ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​មិន​ដល់ ​៦​ម៉ឺន​តោន​ផង។ ​ ​

របាយ​ការណ៍​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​ បង្ហាញ​ថា​ អង្ករ​កម្ពុជា​ចំនួន​ជិត​​២៧​ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​  ដោយ​មាន​ចំណែក​ដល់​ទៅ​ជាង​៤៣% ​នៃ​តួលេខ​អង្ករ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស