30 C
Phnom Penh

លោក​គិត ម៉េង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ពិចារណា​ពង្រីក​ទីផ្សារ​ទៅ​ប្រទេស​លោក​សេរី​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក​ឧកញ៉ា​គិត ម៉េង​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ពិចារណា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​​ទៅកាន់​ប្រទេស​លោក​ខាង​លិច​ ឬ បណ្តា​​ប្រទេស​ប្លុក​លោក​សេរី។​

ថ្លែង​ក្នុង​ពិធី​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៨​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃ​នេះ ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​គិត ម៉េង​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បើក​ទីផ្សារ​សេដ្ឋ​កិច្ច​ទៅ​កាន់​សហភាព​អឺរ៉ុប​ អាស៊ី​ មជ្ឈឹម​បូព៌ា​ អាហ្វ្រក ​ជប៉ុន​និង​កូរ៉េ​ជាដើម។​

ជាមួយ​គ្នា​នេះ ​លោក​គិត ម៉េង​ក៏​ស្នើ​សុំឱ្យ​មាន​វេទិកា​រវាង​វិស័យ​ឯកជន​ និង​រដ្ឋាភិបាល​ជា​រៀល​រាល់​ឆ្នាំផង​ដែរ។​

រដ្ឋាភិបាល​លើក​ឡើង​ថា ​ខ្លួន​បាន​ធ្វើ​កំណែ​ទម្រង់​ជា​កញ្ចប់ ​ដូចជា​ការ​លុប​ភ្នាក់​ងារ​នាវាចរ​ ឬ​កាំសាប​ ការ​ដក​​កាំកុងត្រូល​ចេញ​ពី​ព្រំដែន​ និង​បញ្ចុះ​តម្លៃ​តាម​កំពង់ផែ​ ដែល​អាច​ជា​ការកាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​នៅ​ក្នុង​ស្រុក។​ បន្ថែម​ពី​នេះ ​រដ្ឋាភិបាល​ក៏បានចា​ត់​វិធាន​ការ​វះកាត់​សាច់​ស្អុយ​របស់​ខ្លួន​ ដោយ​ថា​ ជា​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​ផង​ដែរ។​

ការ​ស្នើ​របស់​លោក​ឧកញ៉ា​គិតម៉េង​នៅ​ពេល​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ ដោយ​ត្រៀម​ទប់ទល់​ទៅនឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ពី​ប្រទេស​លោក​សេរី។​

រហូត​មក​ទល់​ពេល​នេះ ​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ដែល​នាំមុខ​គេ​ខាង​ប្លុក​លោក​សេរី​កំពុង​បោះពួយ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​និង​GSP​ពីកម្ពុជា​ទាំង​ស្រុង ​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​ព្រម​ស្តារ​ស្ថាន​ការណ៍​នយោបាយ ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ឡើង​វិញ​ទេ។​

អ្នក​ឃ្លាំ​មើល​បារម្ភ​ថា ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​ដែល​ធ្វើ​ពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់​ប្រឈម​ការ​បាត់បង់​ការងារ​ធ្វើ​និង​អាច​បង្ក​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស