31 C
Phnom Penh

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សម្រេច​លុបចោល​ថ្ងៃ​សម្រាក​ប្រឆាំ​ឆ្នាំ​ចំនួន​៧​ ថ្ងៃ​ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ទុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ ​បាន​សម្រេច​លុប​ចោល​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​៧​ថ្ងៃ​ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា។  ​

ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៨ ​នៅ​វិមាន​សន្តិភាព​លោក​ហ៊ុន សែន​បាន​សម្រេច​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៧​ថ្ងៃ​ ក្នុង​ចំណោម​ថ្ងៃ​ឈប់​សម្រាក​ពេញ​មួយ​ឆ្នាំ​ដែល​កម្ពុជា​មាន​ចន្លោះ​ពី​២៨​ទៅ​៣០​ថ្ងៃ​នោះ។ ​ការ​សម្រេច​លុប​ចោល​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​៧​ថ្ងៃ​នោះ​  នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០២០​ទៅ។​

លោក​ហ៊ុន សែន​បញ្ជាក់​ថា​ ការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ការងារ​នេះ​ គឺ​មិនមែន​មាន​ន័យ​ថា​ ជា​ការ​លុប​បំបាត់​ចោល​ពិធី​បុណ្យ​ព្រះ​រាជពិធី ​ទិវា​ជាតិ​និង​អន្ដរជាតិ​ ដែល​រាជ​រដ្ឋាភិបាល​និង​ប្រជា​ជន​កម្ពុជា​តែងតែ​ប្រារព្ធ​កន្លង​មក​នោះ​ទេ ក៏​ប៉ុន្ដែ​លោក​ថា ​មន្ដ្រី​រាជការ​ក្នុង​វិស័យ​សាធារណៈ ​និង​​កម្មករ​និយោជិក​ក្នុង​វិស័យ​ឯកជន​ទាំង​អស់​ត្រូវ​បំពេញ​ការងារ​ជា​ធម្មតា។​

មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​រូប​នេះ​ ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​មន្ត្រី​រាជការ​ និង​កម្មករ​កម្មការិនី​យោគ​យល់​ពីព្រោះ​វា​​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ស្រុក​ទេស​នា​ពេល​បច្ចុប្បន្ន។​

លោក​ហ៊ុន សែន​បាន​បង្ហាញ​ពីការ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ពិសេស​ពង្រឹង​ឯករាជ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្រោយ​ពេល​សហគមន៍​អន្តរ​ជាតិ​ព្រមាន​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​តាម​រយៈ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា។​

ក្រុម​អ្នក​វិភាគ​ធ្លាប់​បាន​លើក​ឡើង​ថា​ វិធាន​ការ​ទាំង​នេះ​ហាក់​បង្ហាញ​ថា​ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដើម្បី​ស្តារ​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​ឡើងវិញ​តាម​ការ​ទាមទារ​របស់​អន្តរ​ជាតិ​ឡើយ។ ​ពួក​គេ​អះអាង​ថា​ លទ្ធ​ភាព​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​និង​GSP​របស់​អាមេរិក​គឺស្ថិត​នៅ​ក្នុង​ដៃ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​តែ​ប៉ុណ្ណោះ​​ថា​ តើ​លោក​នៅ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ឬ​លែង​ត្រូវការ​ហើយ​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស