មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ និងជាអតីតទាហានខ្មែរក្រហម លោកហ៊ុន សែនបានប្រកាសជាថ្មីទៀតថា លោកនឹងមិនអត់ឱនឱ្យប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីជាដាច់ខាត ហើយលោកនឹងតាមកម្ទេចលោកសម រង្ស៊ីមួយជីវិត។
លោកព្រមានថា លោកនឹងដាក់ទិសដៅកម្ទេចក្រុមប្រឆាំងជាពិសេសគឺលោកសម រង្ស៊ីតែម្តង ឱ្យដូចគ្នាទៅនឹងការដាក់ទិសដៅកម្ចេចក្រុមប៉ុល ពតយ៉ាងដូច្នោះឯង។
ថ្លែងនៅមុខនិស្សិតសាស្ត្រាចារ្យ និងមន្ត្រីរដ្ឋាភិបាលរាប់ពាន់នាក់កាលពីព្រឹកមិញ អតីតកម្មាភិបាលខ្មែរក្រហមនិងជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបានលើកឡើងពីការប្រមាថក្រុមគ្រួសាររបស់លោកជាពិសេសការប្រមាថភរិយារបស់លោកនិងកូនប្រុសច្បងរបស់លោកថា ជាប្រពន្ធ និងកូនរបស់អតីតមេដឹកនាំវៀតណាមឈ្មោះ ឡេ ដឹកថូរ។ លោកហ៊ុន សែនអះអាងថា ការប្រមាថនេះជាការប្រមាថធ្ងន់ធ្ងរមកលើក្រុមគ្រួសារលោកដោយថា មួយជីវិតលោកនឹងមិនអាចបំភ្លេច និងមិនអាចអត់ឱនបានឡើយហើយការប្រមាថនេះជាការដឹកនាំព្រមទាំងណែនាំដោយលោកសម រង្ស៊ី។
លោកហ៊ុន សែនក៏បានឱ្យដឹងទៀតថា លោកបានផ្ញើសារអំពីការប្រមាថនេះទៅកាន់ស្ថានទូតនានាដើម្បីបានដឹងនិងបានយល់អំពីមូលហេតុដែលលោកត្រូវតាមកម្ចេចលោកសម រង្ស៊ី។
កាលពីឆ្នាំ២០១៦ ប្រធានគណបក្សសង្រ្គោះជាតិពេលនោះគឺលោកសម រង្ស៊ីបានថ្កោលទោសអ្នកបង្កើតការប្រមាថនេះនិងបានបញ្ជាក់ពីជំហររបស់គណបក្សសង្គ្រោះជាតិតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់លោកហ៊ុន សែន កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយណាដែលបានប្រើពាក្យពេចន៍មិនសមរម្យ មិនថ្លៃថ្នូរប្រមាថនិងចោទប្រកាន់មកលើកូនប្រុសនិងភរិយានាយករដ្ឋមន្រ្តីធ្វើឲ្យរងការឈឺចាប់។
លិខិតនោះបញ្ជាក់ទៀតថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដទៃ និងបានប្រកាសថ្កោលទោសទង្វើនេះ ដែលវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារលោកហ៊ុន សែន។
ជុំវិញការប្រមាថនេះដែរ លោកហ៊ុន សែនក៏ធ្លាប់យកប្រើដើម្បីបំបែកលោកសម រង្ស៊ី និងលោកកឹម សុខាពីគ្នាទៀតផងដែរ។
ក្នុងសារសំឡេងឆ្លើយឆ្លងកាលពីឆ្នាំ២០១៧ លោកហ៊ុន សែនបានណែនាំទៅលោកកឹម សុខាដែលទើបនឹងក្លាយជាប្រធានគណបក្សសង្រ្គោះជាតិពេលនោះ ឱ្យចេញសេចក្តីថ្លែងការណ៍ឬ ចេញជាលិខិតមួយដោយថ្កោលទោសលោកសម រង្ស៊ី និងក្រុមលោកសម រង្ស៊ី ជុំវិញការប្រមាថនេះ ប៉ុន្តែលោកកឹម សុខាមិនបានធ្វើតាមការណែនាំរបស់លោកហ៊ុន សែនឡើយ៕