33.3 C
Phnom Penh

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​អតីត​ឧប​នាយក​រដ្ឋមន្ត្រី ​លោក​លឺ ឡាយស្រេង​វិល​ចូល​សុ្រក​ ដោយ​មិនប្រកាន់​ទោស​ពៃរ៍​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​ស្នើឱ្យ​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​អតីត​រដ្ឋ មន្ត្រី​ក្រសួង​ព័ត៌មាន​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក​លឺ ឡាយស្រេង​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ដោយ​អះអាង​ថា​ គ្មាន​នរណា​ចាប់​នោះ​ទេ។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​លោក​ហ៊ុន សែន​បាន​ប្រាប់​ឱ្យ​លោក​លឺ ឡាយស្រេង​វិល​ត្រឡប់​ចូល​មក​ស្រុក​វិញ​ដោយ​លោក​អះអាង​ថា​ គ្មាន​នរណា​យក​ទោស​ឬ​ចាប់​ខ្លួន​នោះ​ទេ។​

ជាង​នេះ​ទៅ​ទៀត ​លោក​ហ៊ុន សែន​ក៏​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​អង្គ វង្សវឌ្ឍនា​ពិនិត្យ​មើល​ករណី​លោក​លឺ ឡាយស្រេង​ប្រសិន​បើ​មាន​ការ​ផ្តន្ទាទោស​ណា​មួយ​គឺ​ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ដើម្បី​ឱ្យ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ​អាច​វិល​ចូល​មក​ស្រុក​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​

អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​លោក​លឺ ឡាយស្រេង​កាលពី​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១៨​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឱ្យ​សង​ជំងឺ​ចិត្ត​៥០០​លាន​រៀល​ឬ​ស្មើ​នឹង​១២​ម៉ឺន​ដុល្លារ​ និង​៨​លាន​រៀល​ ទៀត​ចូល​ថវិកា​រដ្ឋ​ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហា​ក្សត្រ​និងប​រិហារ​កេរ្តិ៍​ជា​សាធារណៈ ​ដែល​ប្តឹង​ដោយ​លោក​គី តិច​ មេធាវី​របស់​លោក​ហ៊ុន សែន។​ ការ​ប្តឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បែក​ធ្លាយ​សំឡេង​សន្ទនា​ឯកជន​របស់​លោក​ជាមួយ​អ្នកស្រី​គី លំអង​ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។​

ក្រោយ​ពេល​មាន​ការ​ប្តឹង​ជុំវិញ​ករណី​នេះ ​ លោក​លឺ ឡាយស្រេង​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

កាលពី​ថ្ងៃ​ចុង​ខែ​មីនា​ឆ្នាំ​២០១៩ ​ លោកលឺ ឡាយស្រេង​ បាន​បង្ហោះ​វីដេអូ​មួយ​ដោយ​អះអាង​ថា​  លោក​នឹក​ស្រុក ​ហើយ​ចង់​វិល​មក​វិញ​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ពេល​ឆាប់ៗ​នេះ​ប្រសិន​បើ​លោក​ហ៊ុន សែន ​អភ័យ​ទោស​ឲ្យ​លោក៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស