31 C
Phnom Penh

មន្ត្រី​យោធា​ដែល​ធ្លាប់​គំរាម​សម្លាប់​លោក​កឹម សុខា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បញ្ជូន​ទៅ​តុលាការ​ក្រោយ​រង​ពាក្យ​បណ្តឹង​ពី​លោក​ ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ល្បី​ម្នាក់​គឺ​លោក​ផែង វណ្ណៈ​ ត្រូវ​បាន​កង​កម្លាំង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​សាក​សួរ​កាលពី​រសៀល​ថ្ងៃ​នេះ។​

មន្ត្រី​ជាន់​ខ្ពស់​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​អេង ហ៊ី​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ​កម្លាំង​សមត្ថ​កិច្ច​ពិត​ជា​បាន​ចាប់​ខ្លួន​លោក​ផែង វណ្ណៈ​ប្រាកដ​មែន​ ដោយ​ថា​ ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​របស់​តុលាការ​ឱ្យ​លោក​ផែង​វណ្ណៈ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ។​

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ​គឺ​លោក​អ៊ុំ សុភក្តិ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​លោក​ផែង វណ្ណៈ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ខែ​មេសា​ជុំវិញ​ករណី​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដែល​ប្រព្រឹត្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​Pheng Vannak News​កាល​ពី​ថ្ងៃ​ទី​២៩​មីនា។​

ក្នុង​ពាក្យ​បណ្តឹង​របស់​មេធាវី​លោក​ហ៊ុន សែន​គឺ​លោក​គី តិច​បាន​សម្រេច​ប្តឹង​ឈ្មោះ​ផែង វណ្ណៈ​ដែល​បាន​សរសេរ​នៅ​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ក្នុង​បំណង​បរិហារ​កេរ្តិ៍ជា​សាធារណៈ​ទៅ​លើ​លោក​ហ៊ុន សែន​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ សំណេរ​របស់​លោក​ផែង វណ្ណៈ​ពិត​ជាមាន​ផែន​ការ​ច្បាស់​លាស់​និង​ចេតនា​ទុច្ច​រិត​ប្រាកដ​មែន ​ដោយ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ និង​ទម្លាក់​កំហុស​ទៅ​លើ​លោក​ហ៊ុន សែន​ថា​ ជា​ឃាតករ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។​

ពាក្យ​បណ្តឹង​របស់​លោក​គី តិច​បាន​ទាម​ទារ​ឱ្យ​តុលាការ​ធ្វើ​ការ​ពិនិត្យ​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​លើ​ឈ្មោះ​ផែង វណ្ណៈ​ទៅ​តាម​ផ្លូវ​ច្បាប់។​ មេធាវី​រូប​នេះក៏​បាន​ស្នើឱ្យ​ចាប់​ខ្លួន​និង​ឃុំខ្លួន​លោក​ផែង វណ្ណៈ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​បន្ត​ទៀត​ ដែល​នាំឱ្យ​មាន​ភាព​វិកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។​

កាលពី​ថ្ងៃទី​២៩​ខែ​មីនា​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​Pheng Vannak News​បាន​សរសេរ​ដោយ​ភ្ជាប់​រូប​ថត​ពីរ​សន្លឹក​ ដោយ​ប្រៀប​ធៀប​សកម្ម​ភាព​របស់​លោក​ផែង វណ្ណៈ​ជាចាង​ហ្វាង​ការផ្សាយ ​និង​ជា​និពន្ធ​នាយក​របស់​គេហទំព័រ​ Pheng Vannak News​តំណាង​ឲ្យ​ម្ចាស់​រថយន្ត​ដែល​បើក​បុក​និស្សិត​ស្រី​ម្នាក់​យក​ថវិកា​៥​ពាន់​ដុល្លារ​ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​សព​និស្សិត​ឌុំ រីដា ​ប៉ុន្តែ​ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ត្រី​ពេជ្រ ស្រស់​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​

ចំណែក​សកម្ម​ភាព​របស់​លោក​លឹម ជាវុត្ថា ​អគ្គនាយក​អង្គភាព ​Fresh News​តំណាង​ឱ្យ​ថ្នាក់ ដឹក​នាំ​បាន​យក​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម ឡី​ដើម្បី​ធ្វើ​ចេតិយ ​ប៉ុន្តែ​លោក​ទេស​រដ្ឋមន្ត្រី​ពេជ្រ ស្រស់​មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ។​

ទំព័រ​ហ្វេសប៊ុក​ដដែល​ក៏​បាន​ចោទ​ជា​សំណួរ​ថា ​ តើ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ​បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា?​

កាលពី​ឆ្នាំ​២០១៣ ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ​ផែង វណ្ណៈ​ក៏​ធ្លាប់​បាន​បង្ហោះ​រូប​កាំភ្លើង​អម​ដោយ​គ្រាប់​ចំនួន​៧​តាម​ហ្វេសប៊ុក​ ហើយ​សរសេរ​ព្រមាន​បាញ់​សម្លាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​កឹម សុខា ​ប៉ុន្តែ​ករណី​គំរាម​នេះ​មិន​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​មក​លើ​រូប​លោក​នោះ​ទេ។ ​លោក​ផែង វណ្ណៈ​គឺ​ជា​មន្ត្រី​យោធា​ស័ក្តិ​៤​កន្លះ​ ក្រោយ​ពេល​លោក​បាន​ផ្ទេរ​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហា​ផ្ទៃ​កាលពី​ឆ្នាំ​២០១៨៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស