29 C
Phnom Penh

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ លោក​ហ៊ុន សែន​ប្រើ​យុទ្ធសាស្ត្រ​យក​រឿង​ផ្ទាល់​ជាលេស​កម្ទេច​ដៃ​គូ​ប្រកួត​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​លើក​ឡើង​ថា ​លោក​ហ៊ុន សែន​កំពុង​បង្វែ​ការ​ចាប់​អារម្មណ៍​របស់​មហា​ជន​ពី​បញ្ហា​ប្រទេស​ជាតិ​ទៅ​មើល​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក​ហ៊ុន សែន​វិញ។​

ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ម្សិលមិញ លោក​សម រង្ស៊ី​អះអាង​ថា​ លោក​មិន​ដែល​ចាប់​អារម្មណ៍​ពី​រឿង​ឯកជន​របស់​អ្នក​ដទៃ​ណា​ម្នាក់​ឬ​គ្រួសារ​អ្នក​ដទៃ​ណា​មួយ​ឡើយ។​

លោក​ថា ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន​ជា​មេដឹក​នាំ​មិន​ចេះ​ទទួល​ខុសត្រូវ​ ដែល​ប៉ុនប៉ង​បង្វែ​អារម្មណ៍​របស់​មហា​ជន​​ពី​បញ្ហា​ប្រទេស​ជាតិ​ដោយ​មិន​ចេះ​ដោះស្រាយ​ឲ្យ​ទៅ​ចាប់​អារម្មណ៍​ពី​រឿង​ឯកជន​របស់​គាត់ ​និង​ក្រុម​គ្រួសារ​គាត់​វិញ។​

ក្រៅពី​នេះ​ លោក​ហ៊ុន សែន​ដើរ​ចោទ​ប្រកាន់​គេ​ឯង​យ៉ាង​ងងើល​ ទាក់ទង​ទៅ​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ​និង​គ្រួសារ​គាត់ ​ពីព្រោះ​លោក​ហ៊ុន សែន​ត្រូវ​ការ​លេស​ដើម្បី​បង្ក្រាប​គូ​ប្រកួត​នយោបាយ​របស់​ខ្លួន។​

ការថ្លែង​ដូចនេះ​ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​លោក​ហ៊ុន សែន​បាន​ប្រកាស​ដាក់​ផែនការកម្ទេច​លោក​សម រង្ស៊ី​ដូច​កម្ទេច​ក្រុម​ប៉ុល ពត។​

ថ្លែង​នៅ​មុខ​និស្សិត​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ ​លោក​ហ៊ុន សែន ​ បាន​ប្រកាស​ថា ​លោក​នឹង​មិន​អត់​ឱន​ឱ្យ ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ​លោក​សម រង្ស៊ី​ជា​ដាច់ខាត​ ហើយ​លោក​នឹង​តាម​កម្ទេច​លោក​សម រង្ស៊ី​មួយ​ជីវិត ​ដោយ​ថា ​​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រមាថ​ក្រុម​គ្រួសារ​របស់​លោក​ជា​ពិសេស​ការ​ប្រមាថ​ភរិយា​របស់​លោក​និង​កូន​ប្រុស​ច្បង​របស់​លោក​ថា ​ជា​ប្រពន្ធ​និងកូន​របស់​អតីត​មេ​ដឹកនាំ​វៀតណាម​ឈ្មោះ​ឡេ ដឹកថូ។​ លោក​ហ៊ុន សែន​អះអាង​ថា ​ការ​ប្រមាថ​នេះ​ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​មក​លើ​ក្រុម​គ្រួសារ​លោក​ដោយ​ថា​ មួយ​ជីវិត​លោក​នឹង​មិន​អាច​បំភ្លេច​និង​មិន​អាច​អត់​ឱន​បាន​ឡើយ​ ហើយ​ការ​ប្រមាថ​នេះ​ជា​ការ​ដឹកនាំ​ព្រម​ទាំង​ណែនាំ​ឱ្យ​ធ្វើ​ដោយ​លោក​សម រង្ស៊ី។​

កាលពី​ឆ្នាំ​២០១៦ ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ពេល​នោះ​គឺ​លោក​សម រង្ស៊ី​បាន​ថ្កោលទោស​អ្នក​បង្កើត​ការ​ប្រមាថ​នេះ​និង​បាន​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៦​ថា ​លោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រើ​ពាក្យ​ពេចន៍​មិនស​មរម្យ ​មិន​ថ្លៃថ្នូរ​ ប្រមាថ​និង​ចោទ​ប្រកាន់​លើ​កូន​ប្រុស​និង​ភរិយា​នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ឲ្យ​រង​ការ​ឈឺ​ចាប់។​

លិខិត​នោះ​បញ្ជាក់​ទៀត​ថា​ គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ដាច់ខាត​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ការ​លាប​ពណ៌ ការ​ប្រមាថ​និង​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​អ្នក​ដទៃ​និង​បាន​ប្រកាស​ថ្កោល​ទោស​ទៅ​ទង្វើ​នេះ​ទៀត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស