28 C
Phnom Penh

លោក​ហ៊ុន សែន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ គ្មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​នាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​គឺ​មិន​អនុញ្ញាត​ឱ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជា​ដាច់​ខាត​ ពីព្រោះ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ។​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត​ លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា​ ​តំបន់​អារ៉ែង​នឹង​មិន​មាន​ទំនប់​វារី​អគ្គិសនី​ទេ ​ ដោយ​សារ​នោះ​វា​ជា​តំបន់​សម្រាប់​ផ្នែក​អេកូ​ទេសចរណ៍​ហើយ​ត្រូវ​ការ​ពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ។​

លោក​ហ៊ុន សែន​ក៏​បាន​ប្រកាស​ថា​ តំបន់​អារ៉ែង​គឺជា​តំបន់​ការពារ​នូវ​សម្បត្តិ​ធម្មជាតិ​ជា​តំបន់​អេកូ​ទេសចរណ៍​​ក៏​ប៉ុន្តែ​អាច​សិក្សា​ស្រាវជ្រាវ​បាន​តែមិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ណាមួយ​មក​កសាង​ទំបន់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង​នេះ ​ជាដាច់​ខាត។​

លើសពី​នេះ ​តំបន់​អារ៉ែង​បច្ចុប្បន្ន​នេះ​កំពុង​តែ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​នៅ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ​ដែល​ស្ថិត​នៅ​ទិស​និរតី​នៃ​ប្រទេស​កម្ពុជា។​

កាល​ពី​ដើម​២០១៧​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ធ្លាប់​បាន​ប្រកាស​ម្តង​រួច​មក​ហើយ​ថា ​តំបន់​អារ៉ែង​មិន​អនុញ្ញាត​ឱ្យ​អភិវឌ្ឍ​ជា​តំបន់​ទំនប់​វារី​អគ្គិសនី​ទេ ​ប៉ុន្តែ​ត្រូវ​រៀប​ចំ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ។​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​អាឡិច ហ្គន់សាឡេស​ដាវីតសិន​ សាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​មិន​ឱ្យមាន​ការ​បង្កើត​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ពេល​នេះ។ ​ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​ពិសេស​លោក​ហ៊ុន សែន​ចាត់​វិធាន​ការ​ឬ​ប្រកាស​ពី​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វព្រៃ​ដែល​កំពុង​កើត​ឡើង​យ៉ាង​ច្រើន​នៅ​តំបន់​អារ៉ែង។ ​មិន​តែ​ប៉ុណ្ណោះ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​តប​នឹង​ទុក្ខ​កង្វល់​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​មួយ​ចំនួន​ទៀត​ពិសេស​ពន្លឿន​ក្នុង​ការ​ចុះ​អត្ត​សញ្ញាណ​ដី​សមូហ​ភាព​ដល់​សហគមន៍​នៅ​តំបន់​នោះ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស