29 C
Phnom Penh

តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ល្បី​ម្នាក់​នៅ​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ល្បី​ម្នាក់ ​ឈ្មោះ ​ផែង វណ្ណៈ ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន។​

អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង​ជា​ចៅក្រម​ស៊ើប​សួរ​លោក​កី ម៉ានេរ៉ា​នៅថ្ងៃ​នេះ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ផែង វណ្ណ:​ទៅឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន។​

ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ផែង វណ្ណៈ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បរិហារ​រ​កេរ្តិ៍​ជា​សាធារណៈ​ តាម​រយៈ​បណ្តឹង​របស់​មេធាវី​លោក​ហ៊ុន សែន។ប្រសិន​បើ​រក​ឃើញ​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់​ លោក​ផែង វណ្ណៈ​អាច​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​និង​បង់ប្រាក់​ពិន័យ​ពី​១សែន​រៀល​ទៅ​១០​លាន​រៀល។​

លោក​ផែង វណ្ណៈ​ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ​ចាប់​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១​ ខែ​មេសា ​ តាម​ដីកា​របស់​ព្រះ​រាជ​អាជ្ញា​រង​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។​

លោក​ហ៊ុន សែន​បាន​ប្តឹង​លោក​ផែង វណ្ណៈ​ក្រោយ​ពេល​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ល្បី​ឈ្មោះ​រូប​នេះ​បាន​ធ្វើការ​ប្រៀប​ធៀប​រូបថត​ពីរ​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​រវាង​សកម្មភាព​លោក​យក​ថវិកា​៥​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក​តំណាង​ឱ្យ​ម្ចាស់​រថយន្ត​ដែល​បើក​បុក​និស្សិត​ស្រី​ឈ្មោះ​ឌុំ រីដា​ទៅ​ជូន​ក្រុម​គ្រួសារ​សព។ ​ប៉ុន្តែ​ត្រូវ​បាន​លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​ចំណែក​សកម្ម​ភាព​អគ្គ​នាយក​សារ​ព័ត៌មាន  Fresh News​លោក​លឹម ជាវត្ថា​ដែល​បាន​យក​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៅ​ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត​កែម ឡី​ធ្វើ​ចេតិយ​នោះ ​បែរ​ជា​លោក​ពេជ្រ ស្រស់​មិន​បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ទេ?​

លោក​ផែង វណ្ណៈ​ក៏​ចោទ​ជា​សំណួរ​ថា ​តើ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ ​បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា?​

ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ​លើក​ឡើង​ថា​ ករណី​នេះ​អាច​ដោយ​សារ​លោក​ផែង វណ្ណៈ​ដើរ​ហួស​ពី​បន្ទាត់​ក្រហម​ក្នុង​ការ​ភ្ជាប់​រឿង​រសើប​របស់​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡីម​​ទើប​ធ្វើ​ឱ្យ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​ដូច្នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស