41.3 C
Phnom Penh

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ឧកញ៉ា​លី យ៉ុងផាត់​មកពី​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​នាំ​គ្នា​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ពិសេស​ពី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម​និង​សំណង់​ដោយ​ស្នើ​ឱ្យ​ក្រសួង​នេះ​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​ពួក​គាត់​ពីព្រោះ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ដោះស្រាយ​កន្លង​មក។​

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ថ្ពង​និង​ស្រុក​ឱរ៉ាល់​មាន​ចំនួន​ជិត​៧​រយ​នាក់​(៦៩៤)​បាននាំគ្នាយកញ្ញត្តិ​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី​ជា​ថ្មី​ទៀត​ ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​នេះ​ផ្ដល់​ដំណោះ​ស្រាយ​ថ្មី​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​២​គឺ​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ​ស៊ូហ្គឺ និង​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូហ្គឺ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​បក្ស​កាន់​អំណាច​និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន។​

ជម្លោះ​ដីធ្លី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០​ ប៉ុន្តែ​ដំណោះ​ស្រាយ​របស់​អាជ្ញាធរ​និង​ក្រុមហ៊ុន​ធ្លាប់​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ពី​៣​រយ​ទៅ​៥​រយ​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា​ ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សំណង​ដ៏​តិចតួច​ដូច្នេះ​ពី​ព្រោះ ​ពលរដ្ឋ​ខ្លះ​មាន​ដី​ចន្លោះ​ពី២​ទៅ​ជិត​១០​ហិកតា​ស្រប​ពេល​តម្លៃ​ដី​នៅ​តំបន់​នោះ​ឡើង​ថ្លៃ​ក្នុង​មួយ​ហិកតា​តម្លៃ​រហូត​ដល់​ទៅ​៥​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ហើយ​នោះ។ ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នៅ​ព្រឹក​នេះ​បាន​ចេញ​មក​ប្រាប់​ឱ្យ​ពលរដ្ឋ​បញ្ជូន​តំណាង​របស់​ខ្លួន​ចំនួន​៧​នាក់​ចូល​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​របស់​ក្រសួង។​

ក្រោយ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ​តំណាង​ពល​រដ្ឋ​បាន​ឱ្យ​ដឹង​ថា​ ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ក្រសួង​រៀបចំ​ដែនដី​បាន​សន្យា​ថា​ រដ្ឋាភិបាល​នឹង​ចុះ​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​ ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ជា​ក្រុម​ហ៊ុន​ស្ករឈាម​ ដោយ​សារ​តែ​មាន​ការ​រំលោភ​ដី​ធ្លី​របស់​ពលរដ្ឋ​រហូត​ដល់​មាន​ការ​បាញ់​បង្ក្រាប​បណ្តាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​រង​បួស​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស