28.4 C
Phnom Penh

ក្រសួង​សុខាភិបាល​ប្រកាស​អំពី​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​អះអាង​អំពី​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​កើត​ឡើង​នៅ​ភូមិ​សោមកានិញ ​ឃុំ​សោមធំ​ ស្រុក​អូរយ៉ាដារ ​ខេត្ត​រតនគិរី​ ជាប់​ព្រំដែន​វៀតណាម​ព្រម​ទាំង​បាន​បញ្ជាក់​ពី​វិធាន​ការ​ទប់ស្កាត់​ការ រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ជា​បន្ទាន់​ផង​ដែរ។​

ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​សោមកានិញ​ ទៅ​លើ​ប្រភេទ​ជ្រូក​កណ្តុរ​របស់​ពលរដ្ឋ ​កាល​ពី​ថ្ងៃ​ទី​២២​មីនា ​ដោយ​មក​ទល់​ពេល​នេះ​បណ្តាល​ឱ្យ​ជ្រូក​ប្រមាណ​៥០០​ក្បាល​បាន​ងាប់​និង​បំផ្លាញ​ចោល។​

សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃ​ទី​​២​មេសា​ស្តី​ពី​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​នៅ​ភូមិ​សោមកានិញ​ បាន​ណែនាំ​ឱ្យ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​ ត្រូវ​ចាត់​វិធាន​ការ​បសុព្យា​បាល​ជា​បន្ទាន់​នៅ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។​ ក្រសួង​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ជំនាញ​ត្រូវ​បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​​គ្រប់​ប្រភេទ​ក្នុង​តំបន់​ដែល​មាន​ការ​រីករាល​ដាល​ជំងឺ​នេះ​ថែម​ទៀត។​

ជាង​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​ក៏​បាន​ផ្អាក​ការ​ទិញ​ លក់​និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក​​​សាច់​ជ្រូក​​​ និង​ផលិត​ផល​ដែល​ធ្វើ​ពីសាច់​ជ្រូក​គ្រប់​ប្រភេទ​ចេញ​ ចូល ​ឬ​ឆ្លង​កាត់​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់​៣​គីឡូ​ម៉េត្រ។​

ក្រៅពីនេះ​ក្រសួង​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​ការ​ចិញ្ចឹម​ ទិញ​ លក់​ និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក​​ ​សាច់ជ្រូក​​ ​និង​ ផលិត​ផល​អំពី​សត្វ​ជ្រូក​​​គ្រប់​ប្រភេទ​នៅ​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ រហូត​ដល់​មាន​ការ​ប្រកាស​ជា​ថ្មី។​

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា​ ជំងឺ​ ប៉េស្តជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ទេ ​ប៉ុន្តែ​ជំងឺ​នេះ​បណ្តាល​ឱ្យ​ជ្រូក​ឈឺ​​និង​ងាប់​ក្នុង​អត្រា​ខ្ពស់​រហូត​១០០​ភាគរយ​ដែល​បង្ក​ឲ្យ​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែ​​ម្តង។​

កាលពី​ថ្ងៃ​ទី​២​មេសា​ដដែល​ក្រសួង​កសិកម្ម​ក៏បាន​ចេញ​លិខិត​មួយ​ជូន​អភិបាល​ខេត្ត​រតនគិរី​ ដោយ​ស្នើ​ឱ្យជួយ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​ប៉េស្តជ្រូក​​អាហ្វ្រិក​នេះ​ផង​ដែរ។​

លិខិត​នេះ​បញ្ជាក់​ថា​ ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​និង​រីករាល​ដាល​ខ្លាំងពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​បណ្តាល​ឱ្យ​ជ្រូក​ឈឺ ​និង ​ងាប់​ក្នុង​អត្រា​មួយ​ខ្ពស់។​

ករណី​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​នៅ​ភូមិ​សោកានិញ​ជាប់​ព្រំដែន​វៀតណាម​ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា​ អាច​ឆ្លង​តាម​រយៈ​ការ​នាំសាច់​ជ្រូក​​ឆ្លង​កាត់​ចូល​ពី​ប្រទេស​វៀតណាម។​ ប៉ុន្តែ​ក្រសួង​កសិកម្ម​បញ្ជាក់​ថា ​ក្រៅពី​ភូមិ​សោមកានិញ ​ជំងឺ​ប៉េស្តជ្រូក​​អាហ្វ្រិក​​មិន​ទាន់​កើត​មាន​នៅ​តាម​តំបន់​ផ្សេង​ទៀត​ឡើយ។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីក​រាល​ដាល​ក្នុង​ខេត្ត ​និង​តំបន់​ចំនួន​២៥​នៅ​ប្រទេស​ចិន ​ដែល​ពេល​នោះ​ អាជ្ញាធរ​ចិន​បាន​សម្លាប់​ជ្រូក​ចោល​រាប់​ម៉ឺន​ក្បាល។​

ក្រោយ​ផ្ទុះ​ជំងឺ​នេះ អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម​ហៅ​កាត់​ថា​FAO​ បាន​ព្រមាន​ថា ​​ជំងឺប៉េស្ត​​ជ្រូក​អាហ្វ្រិក​ដែល​កើត​ឡើង​នៅ​ប្រទេស​ចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​​អាស៊ី។​ ការ​ព្រមាន​នេះ​មិន​បាន​យូរ​ប៉ុន្មាន​ផង ​កាលពី​ខែ​កុម្ភៈ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​ ក៏​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​តែ​ម្តង។​ អង្គការ  ​FAO​ឲ្យ​ដឹង​ថា​ មេរោគ​ជំងឺ​នេះ​​ធន់​​ខ្លាំង ​ហើយ​អាច​រស់​​នៅ​បាន​យូរ ​ពោល​គឺ​វា​អាច​ស៊ាំ​នឹង​អាកាស​ធាតុ​​ក្តៅ​ខ្លាំង​  ត្រជាក់​ខ្លាំង ​ហើយ​មិន​​តែ​ប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់​ជ្រូក​​​ក្រៀម​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស