លោកហ៊ុន សែនប្រកាសលុបចោលគម្រោងទិញនាវាផលិតអគ្គិសនីដែលមានកម្លាំង២០០មេហ្កាវ៉ាត់ពីប្រទេសតួកគីបន្ទាប់ពីលោកយល់ឃើញថា ដំណើរការនាំនាវាពីប្រទេសតួកគីគឺត្រូវចំណាយពេលយូរម្យ៉ាងទៀតដោយសារភាគីទាំងពីរ មិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួនផងដែរ។
ការសម្រេចរបស់រដ្ឋាភិបាលលោកហ៊ុន សែននេះគឺ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាពកាលពីព្រឹកមិញ។
កាលពីថ្ងៃទី២០មីនា លោកហ៊ុន សែនអះអាងថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនមន្ត្រីអគ្គិសនីរបស់ខ្លួនទៅចរចានាំយកនាវាផ្ទុកថាមពលអគ្គិសនីពីប្រទេសតួកគីដើម្បីនាំយកមកដោះស្រាយបញ្ហាកង្វះភ្លើងប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន។
នៅខែមីនា ដដែលអគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយថា កត្តាធ្វើឱ្យខ្វះភ្លើងអគ្គិសនីប្រើប្រាស់ រួមមាន កំណើនវិនិយោគទុនក្នុងនិងក្រៅស្រុក ការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា អាកាសធាតុក្តៅខ្លាំង និងកង្វះទឹកខុសប្រក្រតី ដែលធ្វើឱ្យតំបន់វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ។
ស្ថាបនិកអង្គការមាតាធម្មជាតិលោកAlejandro Gonzalez Davidsonធ្លាប់បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគប្បីវិនិយោគអគ្គិសនីដែលផលិតចេញពីពន្លឺព្រះអាទិត្យ គឺប្រព័ន្ធសូឡាវិញ ទើបជាដំណោះស្រាយយូរអង្វែងនិងមិនមែនជាដំណោះស្រាយបែបប្រជាភិថុតដូចដែលរដ្ឋាភិបាលកំពុងដោះស្រាយបច្ចុប្បន្ន។
របាយការណ៍អង្គការទិន្នន័យអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៦ឱ្យដឹងថា នៅកម្ពុជាមានតំបន់វារីអគ្គិសនីកំពុងដំណើរការផលិតអគ្គិសនីចំនួន៨កន្លែង។ ដោយឡែកមួយកន្លែងកំពុងសាងសង់ និងមាន៣១កន្លែងទៀតកំពុងស្ថិតនៅក្នុងគម្រោងសិក្សានៅឡើយ៕