28.4 C
Phnom Penh

កូន​ប្រុស​ច្បង​លោក​ហ៊ុន សែន​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​មហា​អំណាច​លោក​សេរី​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​ លោក​ហ៊ុន ម៉ាណែត​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កងទ័ព​កម្ពុជា​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​សហ​រដ្ឋ​អាមេរិក។​

ការ​ដឹក​នាំ​ប្រតិភូ​កងទ័ព​ជា​លើក​ដំបូង ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ​ ដែល​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​១២​ខែ​មេសា​តប​តាម​ការ​អញ្ជើញ​របស់​មេ​បញ្ជាការ​ នៃ​បញ្ជាការ​ដ្ឋាន​ប្រតិបត្តិ​ការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​សិក្ខា​សាលា​អន្តរ​ជាតិ​ស្តីពី​ប្រតិបត្តិ​ការ​ពិសេស ​តំបន់​ប៉ាស៊ីហ្វិក​ឈ្មោះ​«PASOC 19»។​

ក្រៅពី​ការ​ចូល​រួម​សិក្ខា​សាលា​នេះ ​ដំណើរ​ទស្សន​កិច្ច​នេះ​  កូន​ប្រុស​លោក​ហ៊ុន សែន​ក៏គ្រោង​ដឹក​នាំ​ប្រតិភូ​របស់​ខ្លួន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ប្រតិបត្តិ​ការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក​នៃ​កងទ័ព​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​បំណង​រឹត​បណ្តឹង​ចំណង​មិត្តភាព​និង​សហ​ប្រតិបត្តិ​ការ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​

ក្នុង​ដើម​ឆ្នាំ​២០១៩​នេះ ​លោក​ហ៊ុន ម៉ាណែត​បាន​ដឹក​នាំ​មន្ត្រី​របស់​ខ្លួន​​ធ្វើ​ទស្សន​កិច្ច​​បែប​យោធា​ទៅ​កាន់​ប្រទេស​មហា​អំណាច​ធំៗ​  ដោយ​រួមមាន​មហា​អំណាច​កុម្មុយនីស្ត​ចិន​ កាលពី​ចុង​ខែ​កុម្ភៈ​និង​មហា​អំណាច​រុស្ស៊ី​កាលពី​ចុង​ខែ​មីនា​និង​ទៅ​កាន់​មហា​អំណាច​លោក​សេរី​សហ​រដ្ឋ​អាមេរិក​នៅ​ខែ​មេសា។​

ដំណើរ​ទស្សន​កិច្ច​របស់​កូន​ប្រុស​ច្បង​លោក​ហ៊ុន សែន​ទៅ​ប្រទេស​មហា​អំណាច​ធំៗ​ពេល​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ដើរ​តួនាទី​ស្វែង​រក​កិច្ច​គាំទ្រ​ផ្នែក​ការ​ទូត​លើ​វិស័យ​យោធា​និង​ស្ទង់​ស្ទាប​ជំហរ​របស់​ប្រទេស​មហា​អំណាច​ដើម្បី​ឈាន​ទៅ​កាន់​អំណាច​ត្រកូល​ហ៊ុន តាម​ការ​គូស​វាស​របស់​លោក​ហ៊ុន សែន។​

កន្លង​មក​ លោក​ហ៊ុន សែន​ក៏​ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​កូន​ប្រុស​ច្បង​របស់​គាត់​គឺ​លោក​ហ៊ុន ម៉ាណែត​នឹង​អាច​មាន​វាសនា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក​ទៀត​ផង។​

ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ប្រសិន​បើ​លោក​ហ៊ុន សែន​លើក​បន្តុប​ឲ្យ​លោក​ហ៊ុន ម៉ាណែត​ឡើង​ស្នង​តំណែង​មែន​នោះ​ កម្ពុជា​ក៏​មិន​ខុស​គ្នា​ពី​ការ​ដឹកនាំ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស