31 C
Phnom Penh

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​មក​បំពេញ​ទស្សន​កិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មការ​សេដ្ឋ​កិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ហៅ​ថា ​UN-ESCAP​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ​ ខណៈ​ស្ថានភាព​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​រង​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​លោក​សេរី។​

ដំណើរ​ទស្សន​កិច្ច​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​មក​កម្ពុជា​ដោយ​ចាប់​ពី​ថ្ងៃ​ទី​៨​មេសា​ដល់​ថ្ងៃ​ទី​១០​មេសា។​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន ​នៅ​ថ្ងៃនេះ​បាន​ឱ្យ​ដឹង​ថា​ អគ្គ​លេខាធិការ​រង​ នៃ​គណៈ​កម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UN-ESCAP)​លោក​ស្រី​Armida Salsiah​Alisjahbana​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ហ៊ុន សែន​នៅ​វិមាន​សន្តិភាព។​

ប្រភព​ដដែល​ មិន​បាន​បង្ហើប​ពី​ព័ត៌មាន​លម្អិត​នៃ​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ច្រើន​ទេ ​ដោយ​គ្រាន់​តែ​លើក​ឡើង​ចំពោះ​កិច្ច​សហការ​ល្អជា​មួយ​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​របស់អ.ស.ប.​ជាមួយ​កម្ពុជា​ ដែល​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​នាម​ជា​សមាជិក​របស់​គណៈ​កម្មការ​សេដ្ឋ​កិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​(UN-ESCAP)​ជាដើម។​   ​

លោក​ហ៊ុន សែន​ក៏បាន​ប្រាប់​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ថា​ កម្ពុជា​បាន​សហការ​យ៉ាង​ល្អជា​ទីបំផុត​ជាមួយ​នឹង​ភ្នាក់ងារ​អ.ស.ប.​ទាំងអស់ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​បំផុត​ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​មិនត្រឹម​តែ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ ​និង​កំណត់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នោះ​ទេ ​តែ​ក៏​បាន​ចូលរួម​ចំណែក​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជាជាតិ​ផង​ដែរ។​

អគ្គ​លេខាធិការ​រង​អង្គ​ការ​សហ​ប្រជា​ជាតិ​រូប​នេះ ​ក្រៅពី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ស្រី​ក៏​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ដែរ។​

ការ​មក​ដល់​នៃ​ប្រតិភូ​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ពេល​នេះ​ ស្រប​ពេល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមិន​ទាន់​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​ លើស​ពី​នេះ​ទៀត​ក៏ស្រប​ពេល​អង្គការ​អន្តរ​ជាតិ​ធំៗ​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ព្រម​ទាំង​ស្នើ​ឱ្យ​លោក​ហ៊ុន សែន​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ​និង​ឥត​លក្ខខណ្ឌ។​

ជាមួយ​គ្នា​នេះ ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​​ក្រៅ​ប្រទេស​ថ្មីៗ​នេះ​ក៏​បាន​ស្នើ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ ​និង​អន្តរ​ជាតិ​ធំៗ​ ថ្កោល​ទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ករណី​ចេញ​ដីការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​ចំនួន​៨​រូប​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស