29.6 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ព្រួយ​បារម្ភ​ពីការ​កើន​ឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅដើម​ឆ្នាំ​២០១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​បាន​ថ្លែង​សោកស្តាយ​ចំពោះ​សោកនាដ​កម្ម​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​មាន​ចំនួន​កើន​ឡើង​ខ្ពស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ដើម​ឆ្នាំ​មុន។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​ស ខេង ​បាន​ស្នើ​ឱ្យ​មាន​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​ ដ្បិត​​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ត្រី​មាស​ដំបូង​ក្នុង​ឆ្នាំ​នេះ​ មាន​ការ​កើន​ឡើង។​

លោក​បញ្ជាក់​ថា​ នៅ​ត្រី​មាស​ទី​១ ​ឆ្នាំ​២០១៩​នេះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​ជាង​២​រយ​ករណី​(២៥៧)​ឬ​ ស្មើ​៣១​ ភាគរយ​ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៨។ ​លើស​ពី​នេះ​ករណី​គ្រោះ​ថ្នាក់​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៥១៣​នាក់​ ខណៈ​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​មាន​ចំនួន​មនុស្ស​ស្លាប់​៤៨០​នាក់​ ដោយ​ចំនួន​នេះ​គឺ​អ្នក​ស្លាប់​កើន​ឡើង​៣៣​នាក់ ​ឬ​ ស្មើ​ប្រមាណ​៧​ភាគ​រយ។​

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ក្នុង​ឱកាស​នេះ​ដែរ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​ប្រមាណ​៣៥០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។​

យ៉ាង​នេះ​ក្តី​ លោក​ស ខេង​បាន​ស្នើឱ្យ​អនុ​គណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​បណ្តា​រាជធានី ​ខេត្ត​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​បន្ថែម​ទៀត ​ដោយ​ត្រូវ​ជំរុញ​និង​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ឃុំ ​សង្កាត់​ឱ្យ​បាន​មួយ​សប្តាហ៍​មួយ​លើក៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស