ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានថ្លែងសោកស្តាយចំពោះសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលមានចំនួនកើនឡើងខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំមុន។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ឆ្នាំ២០១៩នាព្រឹកថ្ងៃអង្គារនេះ លោកស ខេង បានស្នើឱ្យមានការពង្រឹងច្បាប់ចរាចរណ៍បន្ថែមទៀត ដ្បិតចំនួនគ្រោះថ្នាក់ចរាចរណ៍នៅត្រីមាសដំបូងក្នុងឆ្នាំនេះ មានការកើនឡើង។
លោកបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០១៩នេះករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាង២រយករណី(២៥៧)ឬ ស្មើ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ លើសពីនេះករណីគ្រោះថ្នាក់បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥១៣នាក់ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួនមនុស្សស្លាប់៤៨០នាក់ ដោយចំនួននេះគឺអ្នកស្លាប់កើនឡើង៣៣នាក់ ឬ ស្មើប្រមាណ៧ភាគរយ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងក្នុងឱកាសនេះដែរថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
យ៉ាងនេះក្តី លោកស ខេងបានស្នើឱ្យអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅបណ្តារាជធានី ខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហានេះបន្ថែមទៀត ដោយត្រូវជំរុញនិង ពង្រឹងការអនុវត្តច្បាប់នៅតាមឃុំ សង្កាត់ឱ្យបានមួយសប្តាហ៍មួយលើក៕