33 C
Phnom Penh

កូន​ប្រុស​ពៅ​របស់​លោក​ហ៊ុន សែន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​ខ្លួន​ទៅ​នឹង​អតីត​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ស្លាប់​ទៅ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​លោក​ហ៊ុន ម៉ានី​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ប្រៀប​ធៀប​ឪពុក​របស់​លោក​ទៅ​នឹង​អតីត​ឧបនាយក​រដ្ឋមន្ត្រី​លោក​សុខ អាន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។ ​លោក​អះអាង​ថា​ មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ក្រៅ​ប្រទេស​ម្នាក់​បាន​ធ្វើ​រឿង​អសីល​ធម៌​ក្នុង​ការ​ប្រមាថ​អាយុ​ជីវិត​ឪពុក​របស់​ឪពុក​លោក​ដូច្នេះ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន ម៉ានី​នៅ​ថ្ងៃ​នេះ​បាន​សរសេរ​ថា​  គណនី​ហ្វេសប៊ុក​ឈ្មោះ​លោក​សោ ចាន់ដេត​ដែលគេ​ស្គាល់​ថា​ ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម រង្ស៊ី​និងជា​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យក​រូប​លោក​សុខ អាន​និង​រូប​ឪពុក​របស់​លោក​មក​បង្ហោះ ​ដោយ​សរសេរ​ថា ​វាសនា​ត្រូវ​ជួប​គ្នា។​

លោក​ហ៊ុន ម៉ានី​បាន​បញ្ជាក់​ថា ​សម្រាប់​គ្រួសារ​របស់​លោក​និង​សម្រាប់​លោក​ជាកូន​ប្រុស​ម្នាក់​នៅ​ក្នុង​គ្រួសារ​ លោក​ពិត​ជា​មាន​ការ​តក់​ស្លុត ​និង​មាន​ការ​ហួស​ចិត្តជា​ពន់ពេក​ចំពោះ​សារ​ប្រមាថ​ទាំង​នេះ  ​ហើយ​លោក​មិន​អាច​បំភ្លេច​បាន​នូវ​ការ​ប្រមាថ​ដែល​លោក​ចាត់​ទុក​ថា​ ជា​ទង្វើ​ស្មោក​គ្រោក​ និង​អសីល​ធម៌​មួយ​នេះ​បាន​ឡើយ។ ​លោក​ថា​ទង្វើ​ទាំង​នេះ​មិនមែន​ជា​សេរីភាព​បញ្ចេញ​មតិ​ឡើយ។​

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​ពេល​គណនី​ហ្វេសប៊ុក​ឈ្មោះ​សោ ចាន់ដេត​(Sor Chadeth)​បាន​យក​រូបភាព​លោក​សុខ អាន ​និង​លោក​ហ៊ុន សែន​ដែល​ជា​ដន្លង​នឹង​គ្នា​កាល​លោក​សុខ អាន​នៅ​មាន​ជីវិត​ មក​បង្ហោះ​នៅ​ថ្ងៃនេះ​ ដោយ​សរសេរ​ថា ​វាសនា​ត្រូវ​ជួប​គ្នា។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​ហ៊ុន សែន​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​លោក​សោ ចាន់ដេត​តាម​រយៈ​មេធាវី​របស់​ខ្លួន​ ជុំវិញ​ករណី​ប្រមាថ​អាយុ​ជីវិត​លោក​ម្តង​រួច​មក​ហើយ ​ដោយ​កាល​នោះ​គណនី​សោ ចាន់ដេត​នេះ​ បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​នេះ​ លោក​ហ៊ុន សែន​នឹង​ជួប​គ្រោះ​កំបុល​ក្បាល ​ព្រោះ​ជួប​នឹង​ព្យុះ​សង្ឃរា​៨​ទិស​មក​ផ្តាច់​ជីវិត​នយោបាយ​បុរស​ខ្លាំង ​លោក​ហ៊ុន សែន។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក​សោ ចាន់ដេត​បាន​ប្រាប់ ​The Cambodia Daily​ថា ​ការ​ដែល​លោក​យក​រូប​លោក​សុខ អាន​ដាក់​ជិត​រូប​លោក​ហ៊ុន​ សែន​នេះ​មិន​មែន​បញ្ជាក់​អំពី​អត្ថន័យ​អាក្រក់​ណាមួយ​នោះ​ទេ ​ប៉ុន្តែ​ជា​ការ​រំឭក​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន​អាច​មាន​ចិត្ត​នាំ​គ្នា​ធ្វើ​ពិធី​ឧទិ្ទស​កុសល​ផល​បុណ្យ​ដល់​លោក​សុខ អាន ​ក្នុង​ឱកាស​azជិត​មក​ដល់​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា​ ប្រតិកម្ម​របស់​លោក​ហ៊ុន ម៉ានី​អាច​ជាការ​ទទួល​ស្គាល់​ថា​ លោក​សុខ អាន​ជា​មនុស្ស​អាក្រក់​ទៅ​វិញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស