32.5 C
Phnom Penh

សមត្ថ​កិច្ច​ក្រុង​ភ្នំពេញ​បង្ក្រាប​ក្លិប​កម្សាន្ត​ធំ​មួយ​ទៀត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​៥០​នាក់​ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចូល​ទៅ​បង្ក្រាប​ ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែង​ឈ្មោះ​ MAIAMI​​ ដោយ​រក​ឃើញ​ថា​ ជាទីតាំង ​ផលិត​ និង​ចែកចាយ​ថ្នាំ​ញៀន​ដ៏​ធំមួយ​ទៀត​ បន្ទាប់​ពី​មណ្ឌល​កម្សាន្ត​Rock។​

គេហ​ទំព័រ​អគ្គស្នង​ការ​នគរបាល​ជាតិ​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា​ក្នុង​ការ​បង្ក្រាប ​ក្លិប​កម្សាន្ត​MAIAMI​ស្ថិត​ក្នុង​ សង្កាត់​បឹង​ កេងកង​ទី​១​ ខណ្ឌចំការ​មន​ រាជធានី​ភ្នំពេញ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ មនុស្ស​ចំនួន​៥០​នាក់​ក្នុង​នោះ​ស្រី​១២​នាក់​ រួម​ទាំង​ម៉ាស៊ីន​ផលិត​ គ្រឿង​ញៀន​និង​គ្រឿង​ញៀន​មួយ​ចំនួន​ធំ​ កាលពី​ពេល​ទាបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១១​ខែ​មេសា​។​ការ​បង្ក្រាប ​នេះ​​ដឹកនាំ​កម្លាំង​ដោយ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​លោក​ស ថេត​ផ្ទាល់។​

លោក​ស ថេត​ថា​ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុញ្ញាត​ពី​លោក​ លី សុផាន់ណា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ។​ កាលពី​ខែ​កុម្ភៈ​ សមត្ថ​កិច្ច​បាន​បង្ក្រាប​ទីតាំង​មណ្ឌល​កម្សាន្ត​ Rock​របស់​លោក​ឧកញ៉ា​គិត ធាង​បង​ប្រុស​បង្កើត​របស់​លោក​ឧកញ៉ា​គិត ម៉េង​ដោយ​រឹបអូស​បាន​គ្រឿង​ញៀន​ប្រមាណ​៥០​គីឡូក្រាម ​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៣​រយ​នាក់ ​ប៉ុន្តែ​ក្រោយ​មក​ក៏​ដោះលែង​ទៅ​វិញ​ ដោយ​ទុក​តែ​អ្នក​ពាក់ព័ន្ធ​ជាង​១០​នាក់។​

ក្រោយ​មក​ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​ លោក​ឧកញ៉ា​គិត ធាង​តាម​បញ្ជា​របស់​លោក​ហ៊ុន សែន​ផង​ដែរ។ ​លោក​ឧកញ៉ា​គិត ធាង​​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​គុក​PJ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​«ចាត់​ចែង​ សម្រួល​ឲ្យមាន​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារជាតិ​ញៀន​ និង​បទ​សម​គំនិត» ​ដែល​ប្រព្រឹត្ត​នៅ​មណ្ឌល​កម្សាន្ត​Rock​កាលពី​ថ្ងៃ​​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩។​ប៉ុន្តែ​ថ្មីៗ​នេះ ​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយ​ការណ៍​ថា ​លោក​គិត ធាង​បាន​មក​សម្រាក​នៅ​មន្ទីរ​ពេទ​រុស្ស៊ី ​ក្រោម​ហេតុផល​ថា​ មាន​ជំងឺ។​

បញ្ហា​នេះ​ត្រូវ​បាន​សាធារណ​ជន​រិះគន់​ថា​ ឱ្យ​តែ​ក្រុម​អ្នក​មាន​ប្រាក់​មាន​អំណាច​ ដេក​គុក​មិន​សូវ​បាន​យូរ​ទេ ​ដោយ​យក​លេស​មក​ព្យាបាល​ជំងឺ​ ខុស​គ្នា​ស្រឡះ​ពី​វាសនា​ក្រុម​ជន​ក្រីក្រ ​និង​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស ​សកម្ម​ជន​ដីធ្លី​ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាដើម​ ដោយ​ត្រូវ​ដេក​គុក​ បើទោះ​បី​ជា​ពេល​ខ្លះ​ពួក​គេមាន​ជំងឺ​ធ្ងន់​ក៏​ដោយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស