26 C
Phnom Penh

អតីត​អ្នក​ទោស​នយោបាយ​អះអាង​ពី​ភាព​មិន​ស្មើ​គ្នា​ចំពោះ​អ្នក​ទោស​នយោបាយ​ និង​អ្នក​ទោស​ឧកញ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នក​ទោស​នយោបាយ​និង​ជា​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​សៀមរាប ​លោក​អ៊ុំ សំអាន​បាន​សរសេរ​ នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​ថ្ងៃ​នេះជា​ថ្ងៃ​គម្រប់​​ខួប​បី​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក​ដោយ​សារ​តែ​ការ​រិះគន់​របស់​លោក​ចំពោះ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​វៀតណាម​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ដែល​យក​តាម​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥​សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា​ ដើម្បី​តម​ស្នង​សងគុណ​វៀតណាម​ដែល​បាន​លើក​បន្តុប​មេដឹក​នាំ​សព្វ​ថ្ងៃកាល​ពី​ទស​វត្ស​ទី​៨០។​

ជាង​នេះ​ទៅ​ទៀត​លោក​អ៊ុំ សំអាន​ក៏​បាន​ត្អូញត្អែរ​អំពី​ភាព​អយុត្តិធម៌​ និង​ភាព​មិន​ស្មើ​គ្នា​ចំពោះ​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំឃាំង។ ​លោក​បន្ត​ថា ​លោក​យា ថុង​ អតីត​សកម្ម​ជន​សង្រ្គោះ​ជាតិ​បាន​ស្លាប់​ដោយសារ​ សមត្ថ​កិច្ច​មិន​អនុញ្ញាត​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី។ ​លោក​បន្ត​ថា​ អ្នក​ដែល​ធ្វើ​ពុត​ជា​ឈឺ​ដូច​ជា​ឧកញ៉ា​គិត ធាង​ កញ្ញា​យិន ម៉ាណា ​លោក​ថោង សារ៉ាត់​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាញ់​កម្មករ​ លោក​ឈូក​បណ្ឌិត​ឧកញ៉ា​សុខ ប៊ុន​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ​លោក​អាំង មារតី​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ​និង​ពេទ្យ​ផ្សេង​ទៀត​រហូត​ដោយ​មិន​ចាំបាច់​ត្រឡប់​មក​ជាប់​គុក​វិញ។​

លោក​អ៊ុំ សំអាន​អះអាង​ថា​ មន្រី្ត​ពន្ធនាគារ​ធ្លាប់​ប្រាប់​លោក​នៅ​ពេល​លោក​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ថា ​ឧកញ៉ា​ដែល​ជា​អ្នក​ទោស​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ក្នុង​បន្ទប់​VIP​ម៉ាស៊ីន​ត្រជាក់​ តែម្នាក់​ឯង​គ្មាន​អ្នក​ទោស​ដទៃ​ទៀត​ក្រៅពី​ប្រពន្ធ​នោះ​ឡើយ។​អ្នក​ទោស​រូប​នោះ​អាច​ប្រើ​ទូរស័ព្ទ​ដៃ​ទំនើប ​មាន​អ៊ិនធើណែត​ និង​កុំព្យូទ័រ​ប្រើប្រាស់​ទៀត​ផង​ ខុស​ពី​នៅ​ក្នុង​បន្ទប់​គុក​ដែល​គេ​ដាក់​មនុស្ស​ពី​១០​ទៅ​២០​នាក់ ​ហើយ​គ្មាន​ម៉ាស៊ីន​ត្រជាក់​ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ​គ្មាន​អ៊ិនធើណេត​ ឬ​កុំព្យូទ័រ​និង​មិន​អនុញ្ញាត​ឲ្យ​រួម​ដំណេក​ជាមួយ​ប្រពន្ធ​នោះ​ឡើយ។​

លោក​អ៊ុំ សំអាន​បាន​រៀបរាប់​ថា ​សកម្មជន​របស់​បក្ស​សង្រ្គោះ​ជាតិ​មិន​ងាយ​ត្រូវ​បាន​គេ​អនុញ្ញាត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​នោះទេ​ ហើយ​ប្រសិន​បើមាន​ការ​អនុញ្ញាត​មែន ​ក៏​ត្រូវ​ត្រឡប់​ចូល​គុក​វិញ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។​

លោក​បញ្ជាក់​ថា ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​លោក​ថោង សារ៉ាត់​កំពុង​ស្នាក់​នៅ​ពេទ្យ​រុស្ស៊ី​នៅ​ឡើយ​ ហើយ​មន្រ្តី​ពន្ធនាគារ​ធ្លាប់​ប្រាប់​លោក​ថា​ ឧកញ៉ា​ទាំង​នោះ​គ្មាន​ឈឺ​អី​ទេ​ គ្រាន់តែ​ចង់​ស្នាក់​នៅ​ស្រួល​ដូច​នៅ​ផ្ទះតែ​ប៉ុណ្ណោះ។​

តាម​បទ​បញ្ញត្តិ​ពន្ធនាគារ​ អ្នក​ទោស​មិន​អាច​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​រហូត​អីចឹង​នោះ​ទេ ​យ៉ាង​យូរ​បំផុត​តែ​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​បើ​នៅតែ​ឈឺ ​គេ​អាច​បញ្ជូន​ទៅ​ពេទ្យ​ម្តង​ទៀត​នៅ​ពេល​ក្រោយ។ ​លោក​អ៊ុំសំអាន​បន្ត​ថា​ រហូត​មក​ទល់​ពេល​នេះ ​លោក​ចៅ វាសនា ​អតីត​ចៅ​សង្កាត់​រង​នៅ​ប៉ោយប៉ែត​ កំពុង​មាន​ជម្ងឺ​ជា​ទម្ងន់​ក្នុង​គុក​ប៉ុន្តែ​សមត្ថ​កិច្ច​នៅតែ​មិន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រៅ​ពន្ធនាគារ​នោះ​ឡើយ។​លោក​បញ្ជាក់​ថា ​ពេទ្យ​ក្នុង​គុក​គ្រាន់​បើ​ជាង​ ពេទ្យ​ក្នុង​សម័យ​ប៉ុលពត​បន្តិច​ព្រោះ​គ្មាន​ឧបករណ៍​គ្មាន​ថ្នាំ​ពេទ្យ​គ្រប់គ្រាន់​ និង​គ្មាន​ពេទ្យ​ជំនាញ​ច្បាស់​លាស់​នោះ​ទេ៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស