មន្ត្រីសមត្ថកិច្ចក្រុងភ្នំពេញឱ្យដឹងថា ក្រោយការបង្ក្រាបទីតាំងក្លឹបកម្សាន្តឈ្មោះ Miamiកាលពីយប់ថ្ងៃម្សិលមិញមន្ត្រីជំនាញរកឃើញគ្រឿងញៀន ប្រមាណ១០គីឡូក្រាម។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យVODបានដកស្រង់សម្តីស្នងការនគរបាលក្រុងភ្នំពេញលោកស ថេត ចុះផ្សាយថា ក្រៅពីសារធាតុញៀន១០គីឡូក្រាម និងឧបករណ៍ប្រើប្រាស់និងផលិតគ្រឿងញៀន សមត្ថកិច្ចក៏រកឃើញ ថា ក្នុងចំណោមមនុស្សប្រុសស្រីដែលសមត្ថកិច្ចឃាត់ខ្លួនប្រមាណ៥០នាក់ គឺមានអ្នកដែលផ្ទុកសារធាតុញៀនចំនួន៣១នាក់ដោយអ្នកទាំងនោះស្ម័គ្រចិត្តទៅព្យាបាលនៅមណ្ឌលសុខភាព និងមណ្ឌលកែប្រែដោយខ្លួនឯងផងដែរ។
ប្រភពដដែលបន្តថា ចំណែកឯអ្នកជាប់ពាក់ព័ន្ធនឹងការជួញដូរ និងជួយសម្រួលសមត្ថកិច្ចនឹងចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចចាត់ទុកជាករណីបង្ក្រាបក្លឹបកម្សាន្តMiami ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះគឺជាការបង្ក្រាបធំទីពីរ បន្ទាប់ពីការបង្ក្រាបមណ្ឌលកម្សាន្ត Rockរបស់លោកឧកញ៉ាគិត ធាង បងប្រុសរបស់លោកឧកញ៉ាគិត ម៉េង កាលពីខែកុម្ភៈ ដោយរឹបអូសបានគ្រឿងញៀនប្រមាណ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣រយនាក់ ប៉ុន្តែក្រោយមកក៏ដោះលែងទៅវិញ ដោយទុកតែអ្នកពាក់ព័ន្ធជាង១០នាក់៕