អ្នកវិភាគមានជំនឿថា កម្ពុជានឹងអាចទទួលជោគជ័យក្នុងការប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុប ករណីយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលលក់នៅទីផ្សារអឺរ៉ុប។
អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់សារព័ត៌មាន The Cambodia Dailyថា តុលាការយុត្តិធម៌អឺរ៉ុបគឺជាតុលាការមួយដែលឈរលើស្មារតីយុត្តិធម៌ និងច្បាប់ពិតប្រាកដ ដោយមិនគិតអំពីហេតុផលនយោបាយ ដូច្នេះកម្ពុជាអាចនឹងទទួលជោគជ័យលើពាក្យបណ្តឹងរបស់ខ្លួនដែលប្តឹងទៅតុលាការមួយនេះ។ លោកបន្តថា ការសម្រេចយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលទៅលក់ក្នុងទីផ្សារអឺរ៉ុបគឺជាការរើសអើងសុទ្ធសាធ។
ការអះអាងរបស់អ្នកវិភាគជើងចាស់រូបនេះធ្វើឡើងក្រោយពីកម្ពុជាបានសម្រេចដាក់ពាក្យប្តឹងនៅតុលាការយុត្តិធម៌អឺរ៉ុបប្រឆាំងនឹងការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការកំណត់យកពន្ធលើអង្កររបស់កម្ពុជា។ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា របស់កូនប្រសារលោកហ៊ុន សែនបានសម្រេចដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុបចំពោះការសម្រេចយកពន្ធអង្ករកម្ពុជាពីសំណាក់អឺរ៉ុបប៉ុន្តែមិនបានបញ្ជាក់ថា បានប្តឹងតាំងពីថ្ងៃណានោះទេ។
កាលពីខែមករា សហភាពអឺរ៉ុបបានសម្រេចយកពន្ធគយលើអង្ករនាំចូលពីកម្ពុជា និងប្រទេសភូមា នៅរយៈពេល៣ឆ្នាំជាប់គ្នាដោយចាប់ផ្តើមពីថ្ងៃទី ១៨មករាតទៅ ក្រោយរកឃើញថាប្រទេសទាំងពីរនេះបានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរដ្ឋាភិបាលធ្លាប់អះអាងថាការសម្រេចនេះជារឿងអយុត្តិធម៌ ដែលធ្វើឡើងតាមប្រទេសអ៊ីតាលី ជាសមាជិកសហភាពអឺរ៉ុប ដែលជាប្រទេសប្រកួតប្រជែងអង្ករនៅទីផ្សារអឺរ៉ុបជាមួយកម្ពុជា។ កាលពីដើមឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានចាត់ទុកវិធានការរបស់សហភាពអឺរ៉ុបថានឹងធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាកសិករកម្ពុជា និងជាអាវុធសម្រាប់ធ្វើឃាតកសិករនិងគ្រួសាររបស់ពួកគាត់ ដែលកំពុងតែជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារ។
ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនធ្លាប់ប្រកាសថា ទោះបីជាអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាក៏ដោយ ប៉ុន្តែវាមិនប៉ះពាល់ជីវភាពរបស់កសិករខ្មែរនោះឡើយ។ ផ្ទុយទៅវិញលោកបានហៅករណីនេះថា ជារឿងអយុត្តិធម៌ ព្រមទាំងបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិជុំវិញករណីនេះទៀតផង។
កាលពីឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ដោយបានធ្លាក់ចុះចំនួនជាង១ភាគរយ បើធៀបនឹងទំហំនៃការនាំចេញអង្ករកាលពីឆ្នាំ២០១៧ ដែលមានចំនួនអង្ករនាំចេញជាង៦៣ម៉ឺនតោន។ សមាគមស្រូវអង្កររបស់កម្ពុជាធ្លាប់អះអាងថា ការសម្រេចយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលលក់នៅទីផ្សារអឺរ៉ុបនឹងធ្វើឲ្យពលរដ្ឋខ្មែរបាត់បង់ចំណូលប្រមាណ៥០លានដុល្លារក្នុងមួយឆ្នាំៗ។
អ្នកវិភាគនយោបាយលោកគឹម សុខធ្លាប់អះអាងថា ការយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលទៅលក់ក្នុងទីផ្សារអឺរ៉ុបគ្រាន់តែជាមេរៀនទី១សម្រាប់របបលោកហ៊ុន សែនប៉ុណ្ណោះ។ លោកបន្តថា មេរៀនទី២ដែលរបបលោកហ៊ុន សែនត្រូវរៀនសូត្រពីវិធានការនេះគឺត្រូវរៀនអំពីរបៀបដឹកនាំប្រទេស។ ទី១ គឺវិធីសាស្ត្រការពារអ្នកផលិតក្នុងស្រុក ក្នុងពិភពទីផ្សារសេរី។ ទី២គឺត្រូវលើកតម្កើងប្រជាធិបតេយ្យសេរីពហុបក្សយុត្តិធម៌ដែលជាគោលនយោបាយតែមួយគត់ក្នុងការរក្សាស្ថិរភាព សន្តិភាព និងការរីកចម្រើនពិតប្រាកដសម្រាប់ជាតិ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែនមិនចេះសម្រួលតាមផ្លូវទាំងពីរនេះទេ នោះពួកគេមិនអាចឈរជើងបានយូរទេ គឺអាចបន្តអំណាចបានតែមួយខ្យល់ទៀតប៉ុណ្ណោះ៕