ក្រោយរដ្ឋាភិបាលគ្មានដំណោះស្រាយ ក្រុមសកម្មជនបរិស្ថានដែលមានគ្នាជិត១០នាក់នាំគ្នាចុះទៅកាយដីចេញពីតំបន់ឆ្នេរសមុទ្រព្រែកត្រែង ស្រុកស្ទឹងហាវ ដែលត្រូវបានចាក់លប់កាលពីខែកញ្ញាឆ្នាំមុន ដោយគេដឹងថា ជាកម្មសិទ្ធរបស់ អ្នកស្រីជឹង សុភាពហៅយាយភូ ដែលជាមនុស្សស្និទ្ធនឹងភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអ្នកស្រីប៊ុនរ៉ានី។
សកម្មភាពក្រុមយុវជនកាយដីចេញពីតំបន់ឆ្នេរពីសំណាក់នេះធ្វើឡើងកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីពួកគេបានសន្យាកាលពីពេលថ្មីៗនេះ ថា នឹងចុះទៅកាយដីរបស់យាយភូចេញពីឆ្នេរតែម្តង ប្រសិនរដ្ឋាភិបាលពិសេសអាជ្ញាធរខេត្តព្រះសីហនុគ្មានវិធានការលើបញ្ហានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៨ខែ កញ្ញាឆ្នាំ២០១៨ឱ្យដឹងថា លោកហ៊ុន សែនបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងនេះគឺលោកជា សុផារ៉ាចុះពិនិត្យសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីឱ្យកាយយកដីដែលបានចាក់បំពេញនោះចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលនៅតែគ្មានវិធានការដោះស្រាយបញ្ហានេះនៅឡើយ៕