38 C
Phnom Penh

គ្រួសារ​របស់​អ្នក​បកប្រែ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ផ្អាក​បាតុកម្ម​នៅ​ថ្ងៃពុធដោយ​សារ​បុណ្យ​ចូល​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី ​ដែល​ជា​អ្នក​បក​ប្រែឲ្យ​ខ្សែ​ភាព​យន្ត​ឯកសារ​«ម្តាយខ្ញុំ​លក់ខ្ញុំ»គឺ​អ្នកស្រី​ឡុង គឹមហ៊ាង​អះអាង​ថា​ ក្រុម​របស់​អ្នកស្រី​នឹង​មិន​ធ្វើ​បាតុកម្ម​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​ថ្ងៃពុធ​ស្អែក​នេះទេ​ដោយសារ​អ្នកស្រី​ជាប់​រវល់​មក​ភូមិ​កំណើត​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​

អ្នកស្រី​ឡុង គឹមហ៊ាង​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​ក្រោយ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​អ្នកស្រី ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ដូច​ធម្មតា​ រហូត​ដល់​ស្ថានទូត​មួយ​នេះ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

មេ​ដឹកនាំ​សហ​ព័ន្ធ​សហជីព​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន ​និង​បញ្ជូន​ខ្លួន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៨​កន្លង​ទៅ ​ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​«ម្ដាយ​ខ្ញុំ​លក់ខ្ញុំ»​របស់​បណ្តាញ​ព័ត៌មាន​Russia Today ​ដែល​និយាយ​អំពី​ខ្សែ​ជីវិត​ពិត​របស់​ស្ត្រី​និង​ម្តាយ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​លក់​កូនស្រី​របស់​ខ្លួន​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដើម្បី​ជីវភាព​រស់​នៅ​របស់​ពួក​គេ។ ​លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ធ្វើ​ឲ្យមាន​ការ​រើសអើង​ហើយ​ត្រូវ​ បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស៕​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស