នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងជាង១រយលើក(១០៩) បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥២នាក់ របួសធ្ងន់ស្រាលជិត២រយនាក់(១៨៣)និងបណ្តាលខូចម៉ូតូ ព្រមទាំងរថយន្តតូចធំជិត២រយគ្រឿង។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួននេះមានការកើនឡើង៣៩លើក ហើយមានមនុស្សស្លាប់កើនឡើង២០នាក់ព្រមទាំងរបួសធ្ងន់ស្រាលកើនឡើង៧៥នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរកាលពីឆ្នាំ២០១៨។
របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និង សណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃដដែលឱ្យដឹងថា ក្នុងអំឡុងពេលចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសាកាលពីឆ្នាំមុននោះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន៥៥ករណី បណ្តាលឲ្យមនុស្សស្លាប់២៦នាក់និងរបួសស្រាលនិងធ្ងន់ជាង៨០នាក់(៨១)។
ក្រុមសមត្ថកិច្ចនិយាយថា មានការកើនឡើងនៃគ្រោះថ្នាក់ចរាចរឆ្នាំនេះ ដោយសារអ្នកបើកបរជិះលឿន ប្រើប្រាស់គ្រឿងស្រវឹង បើកប្រជែងគ្នា មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិគ្នាក្នុងពេលបើកបរ និងដោយសារកត្តាផ្សេងៗជាច្រើនទៀត៕