31 C
Phnom Penh

ពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជុំវិញ​វិវាទ​ដីធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មិន​បាន​ប៉ុន្មាន​ផង​ ​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ផ្តើម​ឡើង​ទៀត​ហើយ។​ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ក្នុង​ឃុំ​បិតត្រាំង​ស្រុក​ព្រៃនប់ ​នៅព្រឹក​ថ្ងៃ​នេះ​បាន​នាំ​គ្នា​យក​ដើម​ឈើ​មក​បាំង​បិទ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ចំណុច​ភូមិ​ចំណោត​រាម​ ដើម្បី​ប្រឆាំង​នឹង​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ។​

របាយ​ការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ពលរដ្ឋ​​យក​គល់​ឈើ​និង​កំណាត់​ឈើ​មក​ដាក់​របាំង​បិទ​ផ្លូវ​នេះ​ ដោយ​សារ​​ពលរដ្ឋ​ទាំង​នោះ​បាន​ប្រឆាំង​ទៅ​នឹង​ការ​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ទៅ​លើ​លោក​ជុំ សាវុធ ​ខណៈ​មន្ត្រី​តុលាការ​ និង​កម្លាំង​ចម្រុះ ​សម្រេច​រុះរើ​រោង​ស្នាក់នៅ​លើដី​ជម្លោះ​របស់​ពល​រដ្ឋ​ចោល។​

អាជ្ញាធរ​ឱ្យ​ដឹង​ថា ​រហូត​ដល់​ម៉ោង​ជិត​៩​ព្រឹក​ កម្លាំង​នគរបាល​បាន​រៀបចំ​បំបែក​និង​សម្រួល​សណ្តាប់​ធ្នាប់​ឲ្យធ្វើ​ចរាចរណ៍​ធម្មតា​វិញ​ ហើយ​ក្រុម​ពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​បិទ​ផ្លូវ​ទាំង​នោះ​ក៏​បាន​បែក​ខ្ញែក​គ្នា​ទៅវិញ​ផង​ដែរ​ ដោយ​មិន​មាន​ការ​ចាប់​ខ្លួន​អ្នក​ស្រុក​ណា​ម្នាក់​ឡើយ។​

បញ្ហា​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ ក្រោយ​ពេល​តម្លៃ​ដី​នៅ​តំបន់​ឆ្នេរ​មួយ​នេះ​កាន់​តែ​មាន​តម្លៃ​ខ្ពស់​ទ្វេរ​ដង​នា​ពេល​បច្ចុប្បន្ន។ ​វិវាទ​ដីធ្លី​ខ្លះ​បាន​ឈាន​ដល់​ការ​ចាប់​ចង​ពល​រដ្ឋ​ជាច្រើន​នាក់​ និង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​សមត្ថ​កិច្ច​ទៅ​លើ​ពលរដ្ឋ​ទៀត​ផង។​

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ព្រមាន​ទៅ​លើ​ពលរដ្ឋ​ដែល​បាន​ទៅ​ទន្ទ្រាន​យក​ដី​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ ​និង​ដី​រដ្ឋ​ស្ថិត​ក្នុង​ភូមិ​គគីរ​ ឃុំ​បិទ​ត្រាំង​ ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ ដោយ​អាជ្ញាធរ​ព្រមាន​ថា​​នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​មេ​ខ្យល់​ដែល​នៅ​ពី​ក្រោយ​ និង​បង្ក​បញ្ហា​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្ម​ភាព​បែប​នេះ​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស