29.3 C
Phnom Penh

លោក​ហ៊ុន សែន​ជំរុញ​ឱ្យ​ពល​រដ្ឋ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ជំរុញ​បន្ថែម​ទៀត​ឱ្យ​មាន​ចលនា​កៀរគរ​ប្រមូល​ប្រភព​ធនធាន​ ឈាន​ទៅ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ឱ្យ​កាន់​តែ​មាន​សកម្ម​ភាព​ខ្លាំងក្លា​ ដើម្បី​ឆ្ពោះ​ទៅ​លុប​បំបាត់​ជំងឺ​នេះ​ឲ្យ​បាន​តាម​ផែន​ការ​កំណត់។​

ក្នុង​លិខិត​មួយ​របស់​លោក​ហ៊ុន សែន​ ដែល​ជា​ការ​ថ្លែង​សារ​សម្រាប់​ទិវាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​និង​ទិវា​គ្រុន​ចាញ់​ពិភព​លោក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៥​ខែ​មេសា​ឆ្នាំ២០១៩ ​ក្រោម​ប្រធាន​បទ​ «គ្មាន​ជំងឺ​គ្រុន​បាញ់​ផ្ដើម​ចេញ​ពី​ខ្ញុំ»​បាន​លើក​ឡើង​ថា ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​របស់​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ពីព្រោះ​អត្រា​អ្នក​កើត​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានថយ​ចុះ​ជា​បន្ត​​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

យ៉ាង​នេះ​ក្តី ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា ​ទោះបី​ជា​អត្រា​ជំងឺ​គ្រុន​ចាញ់​កាន់តែ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ក្តី​ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លេច​ខ្លួន​ស្កប់​ស្កល់​នឹង​លទ្ធផល​ដែល​ទទួល​បាន​នោះ​ទេ ​ពីព្រោះ​ជំងឺ​នេះ​នៅតែ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា។​

លោក​ថា​ បើមិន​ទាន់​លុប​បំបាត់​មេ​រោគ​គ្រុន​ចាញ់​ឱ្យ​អស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ទេ ​នោះ​សត្វ​មូស​ដែក​គោល​ញី​នៅតែ​បន្ត​មាន​នៅ​ក្នុង​ព្រៃ ​និង​តំបន់​ជុំវិញ​ដើម្បី​បឺតឈាម​ចម្លង​មេរោគ​គ្រុន​ចាញ់​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ និង​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ។​

លោក​ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​នឹង​ពលរដ្ឋ​ផង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទាំងអស់​គ្នា​ដើម្បី​លើក​កម្ពស់​សុខភាព​ គុណភាព​នៃ​ការ​រស់​នៅ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ។​

លិខិត​របស់​លោក​ហ៊ុន សែន​បាន​លើក​ឡើង​អំពី​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ នៃ​សេវា​សុខាភិបាល​សាធារណៈ​របស់​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​របស់​ក្រសួង​សុខាភិបាល​ដែល​បង្ហាញ​ថា​ អត្រា​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​មក​ទល់​ឆ្នាំ​២០១៨​បាន​ថយ​ចុះ​៨៥%។​ ក្នុង​នោះ​ករណី​ស្លាប់​បាន​កាត់​បន្ថយ​៩៩%​បន្ទាប់​ពី​បាន​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​២០១១-២០២៥៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស