38.8 C
Phnom Penh

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​១​រយ​ខ្នង​នៅ​ខេត្ត​បន្ទាយ​មានជ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្លៀង​លាយ​លំ​និង​ខ្យល់​កន្ត្រាក់​មួយ​មេ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​ ១​រយ​ខ្នង​ នៅ​តំបន់​ខ្លះ​នៃ​ស្រុក​ស្វាយចេក​ និង​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីល្ងាច​ម្សិលមិញ​តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​នោះ​ទេ។​នេះបើ​យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា​AKP​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​

តួលេខ​បឋម​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​បញ្ជាក់​ថា​ នៅ​ក្នុង​ស្រុក​ស្វាយចេក​ខ្យល់​កន្ត្រាក់​បាន​បោក​បក់​យ៉ាង​ខ្លាំង​ ប៉ះ​ចំ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​តាប៉ែន ​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​៤០​ខ្នង​ និង​នៅ​ឃុំ​សារង្គ​ចំនួន​៥២​ខ្នង ​ដោយ​ខ្លះ​ត្រូវ​រលំ​ទាំង​ស្រុង​ ហើយ​ខ្លះ​ទៀត​ត្រូវ​របើក​ដំបូល ​និង​ជញ្ជាំង​ជាដើម។​

ដោយ​ឡែក​ នៅ​ក្រុង​សិរីសោភ័ណ​ មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណ​១៤​ខ្នង​ត្រូវ​រង​ការ​ខូចខាត​ធ្ងន់​ និង​ស្រាល​ ដែល​បណ្តាល​មកពី​ភ្លៀង​លាយ​ឡំ​និង​ខ្យល់​កន្ត្រាក់​នេះ​ផង​ដែរ។​

ប្រភព​ដដែល​ បាន​ដក​ស្រង់​ប្រសាសន៍​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​គឺ​លោក​អាត់ ខែម​ ចុះ​ផ្សាយ​ថា ​កម្លាំង​សមត្ថ​កិច្ច​ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ បាន​ចុះ​ជួយ​ជួស​ជុល​ជា​បន្ទាន់​ នូវផ្ទះ​ដែល​រងកា​រខូចខាត​ទាំង​នោះ​ឡើង​វិញ​ ជូន​ពលរដ្ឋ​ព្រម​ទាំង​ផ្តល់​ជំនួយ​សប្បុរស​ធម៌​មួយ​ចំនួន​ជូន​ពួក​គាត់​ផង​ដែរ។​  ​

ស្នងការ​នគរបាល​ខេត្ត​ដដែល​ ក៏បាន​ក្រើន​រម្លឹក​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ​នៅ​ខណៈ​មាន​ភ្លៀង​ខ្យល់​ផ្គរ​ រន្ទះ​ជាដើម​ គប្បី​រក​កន្លែង​​មាន​សុវត្ថិភាព​ដើម្បី​ធានា​ដល់​អាយុ​ជីវិត ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស