41.3 C
Phnom Penh

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​អះអាង​ថា​ ខ្លួន​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​របស់​សមាជិក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ម្នាក់​ និង​ជា​អតីត​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​អ្នកស្រី​សុខ រ័ត្នសុវណ្ណបច្ចៈសីលា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ជុំវិញ​ករណី​ញុះញង់​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់ដី​តំបន់​ឧទ្យាន​កូលែន​ព្រហ្ម​ទេព​ ក្នុង​ខេត្ត​ព្រះ​វិហារ។​

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ ផ្តល់​យោបល់​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ ដោយ​អះអាង​ថា​ ស្ថាប័ន​របស់​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ជាប់​ពិរុទ្ធ​​របស់​លោកស្រី​សុខ រ័ត្ន​សុវណ្ណ​បច្ចៈសីលា​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​និង​លោក​ច័ន្ទ ភាព​ជា​អនុ​ប្រធាន​គណបក្ស​មួយ​នេះ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ខេត្ត​ព្រះ​វិហារ​នោះ​ឡើយ។ ​ប្រភព​ដដែល​បញ្ជាក់​ថា ​ទង្វើ​បុគ្គល​ទាំង​ពីរ​នេះ​ ជា​ការ​ប្រព្រឹត្ត​របស់​បុគ្គល​សុទ្ធ​សាធ​ ពុំមាន​ជាប់​ពាក់​ព័ន្ធ​ការ​បំពេញ​ភារ​កិច្ច​ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​សោះ​ឡើយ។​

លើសពី​នេះ ​អ្នក​ទាំង​ពីរ​បាន​បាត់​បង់​នូវ​សិទ្ធិ​ចុះ​បំពេញ​បេសក​កម្ម​ ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ តាំង​ពី​ចុង​ឆ្នាំ​២០១៨។​

អតីត​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ ​អ្នក​ស្រី​សុខ រ័ត្ន​សុវណ្ណ​បច្ចៈ​សីលា​និង​អនុ​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ច័ន្ទ ភាព​  ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​ព្រះ​វិហារ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ដោយ​សមត្ថ​កិច្ច​ចោទ​ថា​ អ្នក​ទាំង​ពីរ​នៅ​ពីក្រោយ​ការ​តវ៉ា​ប៉ុនប៉ង​រំដោះ​អ្នក​ជាប់​ឃុំ​១៤​នាក់​ ពាក់​ព័ន្ធ​សំណុំ​រឿង​ដីធ្លី​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ខេត្ត​ព្រះ​វិហារ ​និង​ធ្វើ​សកម្ម​ភាព​​តបត​នឹង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច​ទៀត​ផង។​

ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​លោក​ហ៊ុន សែន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​មិន​ជាប់​ឆ្នោត​ជាង​១០​គណបក្ស​កាលពី​ចុង​ឆ្នាំ​២០១៨។​

ស្ថាប័ន​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ធ្លាប់​ដាក់​ឈ្មោះ​ថា​ជា​ឧត្តម​ក្រុម​ប្រឹក្សា​ក្រោល​គោ​ ដោយ​លោក​មើល​ឃើញ​ថា ​ស្ថាប័ន​នេះ​គ្រាន់​តែ​បង្កើត​ឡើង​ឱ្យ​ល្អ​មើល​ឬ​ជាផ្កា​សម្រាប់​លម្អ​សួន​និង​បំផ្លាញ​លុយ​ជាតិ​ប៉ុណ្ណោះ​ ព្រោះ​ថា ​ស្ថាប័ន​នេះ​នឹង​មិន​អាច​ធ្វើ​ការងារ​ជា​ដំ​កំភួន​អ្វី​បាន​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស