38.1 C
Phnom Penh

លោក​ សម រង្ស៊ី​ថា​ លោក​មាន​សង្ឃឹម​ថា ​លោក​នឹង​សម្រេច​​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួតត្រា​របស់​លោក​ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​​គណបក្ស​សង្រ្គោះ​ជាតិ​ប្រកាស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​ លោក​នឹង​សម្រេច​បាន​នូវ​ផែនការ​រំដោះ​ប្រទេស​ចេញ​ពី​ការ​ត្រួត​ត្រា​របស់​លោក​ហ៊ុន សែន​ដើម្បី​នាំយក​យុត្តិធម៌​ សេរីភាព​និង​ការរីក​ចម្រើន​ជូន​ពលរដ្ឋ។​

ការ​ប្រកាស​របស់​លោក​សមរង្ស៊ី​ធ្វើ​ឡើង​នៅ​ក្នុង​សន្នីសិទ​ស្តីពី​សន្តិភាព​ និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ី​ដែល​រៀប​ចំ​ដោយ​អង្គការ​វេទិកា​សិទ្ធិ​មនុស្ស​និង​សន្តិភាព​អាស៊ី​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​Asia Human Rights Peace Forum​(AHPF)​ក្នុង​ទីក្រុង​ក្វាងជូ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ​ខណៈ​មាន​ក្រុម​អ្នក​វិភាគ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មក​ពី​កម្ពុជា​ក៏​បាន​ចូល​រួម​ផង​ដែរ។​

អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ដែល​កំពុង​រស់​នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​បាន​អះអាង​ថា​  មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ដែល​អាច​នឹង​ស្តារ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើង​វិញ​បាន​ ហើយ​ក្រុម​អ្នក​នយោបាយ​ត្រូវ​ រួម​ដៃ​គ្នា​ដើម្បី​ឲ្យ​មាន​សម្លេង​ខ្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​ឲ្យ​មាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

រី​ឯ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​សន្និសីទ​រៀបចំ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងត្បូង​នេះ​ជា​ការ​ជជែក​គ្នា​ដែល​ចំហ​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​តស៊ូ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ការ​តស៊ូ​នៅ​កម្ពុជា​ដើម្បី​សន្តិភាព​និង​សេរីភាព​របស់​ប្រទេស​រៀងៗ​ខ្លួន។​

នៅ​ថ្ងៃ​ស្អែកនេះ​ក្រុម​អ្នក​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភាគ​ច្រើន​គាំទ្រ​លោក​សមរង្ស៊ី ​អ្នក​វិភាគ​ និង​ក្រុម​សង្គម​ស៊ីវិល​ នឹង​នាំគ្នា​ធ្វើ​សមាជ​អ្នក​ប្រជា​ធិបតេយ្យ​ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន ​ទាម​ទារ​ឲ្យ​មាន​ការ​ស្តារ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​និង​ដោះ​លែង​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស